សង្គម

អាសូរណាស់! កុមារ​អាយុ​២ឆ្នាំម្នាក់​ត្រូវ​អ្នក​ញៀនថ្នាំវាយបណ្តាល​ឲ្យ​ឈាម​ដក់ក្នុង​ខួរក្បាល

កុមារអាយុ២ឆ្នាំម្នាក់បាន​រងរបួសធ្ងន់ធ្ងរមានឈាមដក់ក្នុងខួរក្បាលដោយសារតែបុរសញៀនថ្នាំម្នាក់យកបង្គោលដែកមកវាយទៅលើកុមារនិងក្រុមគ្រួសារជនរងគ្រោះខណៈកំពុងធ្វើដំណើរដោយម៉ូតូ។

បើតាមកម្លាំងសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យបានសារភាពថារូបគេបានធ្វើសកម្មភាពនេះទាំងគ្មានមូលហេតុណាមួយឡើង។ ខាងសមត្ថកិច្ចមានការសង្ស័យថាជនល្មើសកំពុងនៅក្រោមឥទ្ធិពលគ្រឿងញៀន នៅពេលដែលគេបានធ្វើសកម្មភាពនេះទៅលើជនរងគ្រោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ខណៈជនរងគ្រោះបានធ្វើដំណើរជាមួយឪពុកម្តាយដោយម៉ូតូនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ហើយភ្លាមៗនោះបុរសញៀនថ្នាំ អាយុ៤៩ឆ្នាំម្នាក់បានវាយប្រហារទៅលើពួកគេតែម្ដង។

បើតាមប្រភពដដែលបានឱ្យដឹងថា ជនសង្ស័យបានប្រើបង្គោលដែកមួយដើមមកវាយទៅលើក្រុមគ្រួសាររងគ្រោះ ហើយក៏រត់គេចខ្លួនបាត់។

ទាក់ទងនឹងករណីនេះ អង្គភាពការពារកុមារ (CPU) បានចាប់ផ្តើមតាមដានសុខភាពរបស់កុមាររងគ្រោះ ខណៈសុខភាពរបស់កុមាររូបនេះនៅតែធ្ងន់ធ្ងរនៅឡើយ។

បច្ចុប្បន្ននេះ កុមាររងគ្រោះបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ជាមួយម្តាយដោយបានទទួលការវះកាត់ដើម្បីបញ្ឈប់ការដក់ឈាមក្នុងខួរក្បាល។

បើតាមការពិនិត្យបន្ថែមបានបង្ហាញថា មានការដក់ឈាមមួយកន្លែងទៀតនៅលើខួរក្បាលរបស់កុមាររងគ្រោះ ហើយក៏គ្រូពេទ្យបានចាក់ថ្នាំសន្លប់ ដោយនឹងមានការវះកាត់បន្ថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *