សង្គម

ដាច់ខ្សែធ្លាក់ថ្មម៉ាបពីលើរថយន្ត បណ្ដាលឱ្យក្មេងស្រីអាយុ៥ឆ្នាំរងរបួសធ្ងន់នៅខេត្តក្រចេះ

កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០២៣ មានករណីរថយន្តដឹកថ្មម៉ាបដាច់ខ្សែធ្លាក់ថ្មត្រូវក្មេងស្រីអាយុ៥ឆ្នាំម្នាក់របួសធ្ងន់នៅផ្លូវជាតិលេខ៧ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១០:៣០នាទីនៅលើផ្លូវជាតិលេខ៧ (ក្រចេះ-ស្នួល)ស្ថិតនៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ។ បើតាមការឱ្យដឹងពីប្រជាពលរដ្ឋឃើញហេតុការណ៍ បានឱ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់នោះពាក់ស្លាកលេខ ភ្នំពេញ ៣F-២៣0៧ ខណៈកំពុងបើកបរដោយល្បឿនលឿន ក៏ស្រាប់តែដុំថ្មម៉ាបនៅលើរថយន្តនោះ ដាច់ខ្សែរមៀលធ្លាក់ចុះនៅកណ្តាលផ្លូវបង្កឱ្យអ្នកធ្វើដំណើរជាមួយជួបគ្រោះថ្នាក់ ពោលគឺមានក្មេងស្រីម្នាក់អាយុ៥ឆ្នាំរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារសាច់ញាតិដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកក្រុងក្រចេះ ខណៈតៃកុងរថយន្តបានទុករថយន្តចោល រួចរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ដោយឡែក មន្ត្រីនគរបាលចរាចរដែលបានចុះទៅត្រួតពិនិត្យស្រាវជ្រាវករណីខាងលើនេះ បានឱ្យដឹងជាបឋមថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងក្មេងធ្វើដំណើរថ្មើរជើងនេះ ប្រហែលជាវាក់អើ ទើបជាន់ហ្វ្រាំង​ផ្ទុច​ខណៈរថយន្តកំពុងមានល្បឿនលឿនខ្លាំងផង ក៏បណ្ដាលឱ្យធ្លាក់ថ្មម៉ាបនោះត្រូវក្មេងរងរបួសធ្ងន់តែម្ដង ហើយថ្មម៉ាបនោះមានទម្ងន់ប្រមាណ៣០តោន។

រថយន្ដបង្កហេតុ ម៉ាកវេអង៥ផ្លូវពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-2307 និងរ៉ឺម៉កសណ្តោងពាក់ស្លាកលេខ ភ្នំពេញ 4A-8960 រថយន្ដដឹកថ្មម៉ាបនោះ បានបើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើ បានកៀរក្មេងឈ្មោះ វឿន ស៊ូយ៉ុង ភេទស្រី អាយុ៥ឆ្នាំ រស់នៅភូមិ កាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលកំពុងតែដើរតាមចិញ្ចើមផ្លូវខាងស្តាំដៃ ចំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន មុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ឯថ្មម៉ាបនោះក៏មិនបានត្រូវចំក្មេងស្រីនោះដែរ គឺរថយន្តជាអ្នកកៀរក្មេងឱ្យរងរបួសធ្ងន់តែប៉ុណ្ណោះ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដក្រចេះ។ ចំណែករថយន្ដយកទៅរក្សាទុកនៅអធិការនគរបាលស្រុកចិត្របុរី ជាបណ្ដោះអាសន្ន៕