ព័ត៌មានជាតិ

ឆ្នាំនេះ កម្ពុជានាំចេញផលិតផលកសិកម្មទៅ​ក្រៅប្រទេស​ធ្លាក់ចុះជិត៥ភាគរយ ធៀបនឹងឆ្នាំទៅ

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលទៅទីផ្សារ ៧៥ប្រទេស បានជាង ៧,៣លានតោន បើគិតជាទឹកប្រាក់ជិត ៤ពាន់លានដុល្លារ ថយចុះ ៤,៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២២ កន្លងទៅ។

បើតាមក្រសួងកសិកម្ម ក្នុងចំណោមកសិផលដែលកម្ពុជានាំចេញទៅច្រើនជាងគេក្នុងរយៈពេល ១១ខែឆ្នាំ២០២៣ គឺស្រូវជាង ២លានតោន បន្ទាប់មកដំឡូងមីស្រស់ជាង ១,៤លានតោន បន្តទៀតគឺចំណិតដំឡូងមីក្រៀម ជាង ១លានតោន។ ចំពោះអង្ករ កម្ពុជាបាននាំចេញជិត ៦សែនតោន ហើយគ្រាប់ស្វាយចន្ទីជាង ៤សែនតោន។

ក្រសួងកសិកម្មបញ្ជាក់ថា មូលហេតុដែលកសិផលកម្ពុជានាំចេញមានការថយចុះក្នុង ១១ខែឆ្នាំនេះ ដោយសារតែជម្លោះរវាងអីស្រាអែល និងក្រុមហាម៉ាស់ បានជះឥទ្ធិពលលើលំហូរពាណិជ្ជកម្មសកល រួមទាំងអត្រាការប្រាក់ខ្ពស់ ទីផ្សារអចលនទ្រព្យចិនដែលតានតឹង និងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសបណ្តាប្រទេសដែលពឹងផ្អែកជាចម្បងលើការនាំចេញដូចជាប្រទេសកម្ពុជាជាដើម។

ជាមួយគ្នានេះ ទីផ្សារស្រូវក្នុងប្រទេសកម្ពុជានៅតែមានតម្លៃខ្ពស់ ជាហេតុនាំឱ្យរោងម៉ាស៊ីនកិនស្រូវមួយចំនួនធំ ប្រមូលទិញស្រូវបានបរិមាណតិច ដោយសារតម្លៃថ្លៃមិនហ៊ានប្រថុយក្នុងការទិញស្រូវស្តុកទុកសម្រាប់កិនអង្ករនាំចេញ ខណៈសង្កេតឃើញថា ការនាំចេញស្រូវដោយមិនមានវិញ្ញាបនបត្រភូតគាមអនាម័យទៅប្រទេសវៀតណាមនៅតែមានជាហូរហែ៕