ប្រធានាធិបតីចិន បង្ហាញក្ដីបារម្ភអំពីស្ថានភាពកូវីដ ១៩ ខណៈពិធីបុណ្យចូលឆ្នាំចិនខិតចូលមកដល់

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយថា លោកមានការព្រួយបារម្ភអំពីស្ថានភាពមេរោគនៅក្នុងទីជនបទរបស់ប្រទេសចិន ខណៈដែលមនុស្សរាប់លាននាក់បានធ្វើដំណើរទៅកាន់ស្រុកកំណើតមុនការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍។

មេដឹកនាំចិនរូបនេះ ក៏បានការពារគោលនយោបាយគ្មានកូវីដរបស់លោកផងដែរ ដោយលោកលើកឡើងថា វាជាជម្រើសត្រឹមត្រូវ។ ប៉ុន្តែ វាត្រូវបានដកចេញកាលពីខែមុនបន្ទាប់ពីធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ និងបង្កឱ្យមានការតវ៉ាទូទាំងប្រទេស។ នៅក្នុងការអំពាវនាវជាបន្តបន្ទាប់នៅថ្ងៃពុធទី ១៨ ខែមករា នៅមុនថ្ងៃឈប់សម្រាក មេដឹកនាំចិនបានប្រាប់មន្ត្រីក្នុងតំបន់ថា លោកព្រួយបារម្ភអំពីស្ថានភាពនៅតំបន់ជនបទនៃប្រទេសនេះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា ៖«លោក ស៊ី បាននិយាយថា លោកមានការព្រួយបារម្ភជាចម្បងអំពីតំបន់ជនបទ និងអ្នករស់នៅតាមជនបទ បន្ទាប់ពីប្រទេសនេះបានកែសម្រួលវិធានការឆ្លើយតបនឹងកូវីដ ១៩។ ហើយលោកបានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យប្រសើរឡើងនូវការថែទាំវេជ្ជសាស្ត្រសម្រាប់អ្នកដែលងាយរងគ្រោះបំផុតដោយមេរោគនៅក្នុងតំបន់ជនបទ»។ មិនតែប៉ណ្ណោះ លោក ស៊ី បានលើកឡើងថា ៖«ការការពារ និងការគ្រប់គ្រងនៃការរីករាលដាលបានឈានចូលដំណាក់កាលថ្មីមួយ ហើយយើងនៅតែស្ថិតក្នុងដំណាក់កាលដែលតម្រូវឱ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីដោះស្រាយការខ្វះខាតក្នុងការបង្ការ និងគ្រប់គ្រងការរីករាលដាលនៅតាមតំបន់ជនបទ»។

ជុំវិញក្ដីបារម្ភនេះ អាជ្ញាធរដឹកជញ្ជូនបានព្យាករណ៍ថា ការធ្វើដំណើរច្រើនជាង ២ ពាន់លានជើងនឹងកើតឡើងក្នុងអំឡុងពេល ៤០ ថ្ងៃ ចន្លោះខែមករាដល់ខែកុម្ភៈ ដែលជាចំនួនជិតពីរដងកាលពីឆ្នាំមុន និង ៧០ភាគរយនៃកម្រិតមុនការរាតត្បាត។ រីឯប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្ស ៣០,២ លាននាក់បានធ្វើដំណើរទូទាំងប្រទេសកាលពីថ្ងៃពុធទី ១៨ នេះតែឯង៕