ក្រុមជាតិនិយមថៃជំរុញឲ្យយោធាពង្រឹងតួនាទីក្នុងការដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា
ថ្ងៃព្រហស្បតិ៍ទី៥ ខែមិថុនា ក្រុមជាតិនិយមថៃមួយក្រុមបានប្រមូលផ្តុំគ្នា ដើម្បីជំរុញឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភូមិថាំ ពង្រឹង ពង្រឹងតួនាទី និងអំណាចយោធាក្នុងការដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា។ ក្រុមនេះបានអះអាងថា ទំនាក់ទំនងជិតស្និទ្ធរវាងគ្រួសារនាយករដ្ឋមន្រ្តីថៃ និងកម្ពុជា អាចប៉ះពាល់ដល់សេចក្តីសម្រេចចិត្តរបស់លោក ភូមិថាំ។
ក្រោមការដឹកនាំរបស់ អង្គការសិស្សនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ (STR) អ្នកបាតុកម្មបានធ្វើមហាបាតុកម្មនៅមុខក្រសួងការពារជាតិ ដោយទាមទារឲ្យអំណាចយោធាត្រូវបានផ្ទេរទៅ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ជំនួសវិញ។ ពួកគេអះអាងថា រាជរដ្ឋាភិបាលថៃមិនបានឆ្លើយតបយ៉ាងច្បាស់លាស់ទៅនឹងការទាមទាររបស់កម្ពុជាលើតំបន់ជម្លោះ ដែលធ្វើឲ្យប្រទេសកម្ពុជាមានប្រៀប។
លោក ភីឈីត ឆៃមង្គល មេដឹកនាំ STR បានរិះគន់រាជរដ្ឋាភិបាលថៃចំពោះភាពអសកម្មក្នុងការដោះស្រាយបញ្ហាព្រំដែន ហើយអំពាវនាវឲ្យយោធាបង្ហាញសមត្ថភាពការពារអធិបតេយ្យជាតិ។ លោកបន្តថា «យោធាបានស្នើវិធានការដើម្បីដោះស្រាយស្ថានការណ៍ ដូចជាការបិទព្រំដែន ប៉ុន្តែរាជរដ្ឋាភិបាលមិនអើពើ»។
កាសែត The Nation របស់ថៃបានរាយការណ៍ថា អ្នកធ្វើបាតុកម្មក៏បានផ្ញើសារទៅកាន់មេបញ្ជាការកងទ័ពថៃ លោក ផៈណា ក្លែវប្ល៉តធុក ដើម្បីអនុវត្តវិធានការការពារទឹកដីថៃតាមព្រំដែនជាមួយកម្ពុជាឲ្យបានច្បាស់លាស់។ សកម្មជនជាតិនិយមទាំងនេះបានគូសបញ្ជាក់ពីការព្រួយបារម្ភថា បើយោធាថៃមិនតឹងតែង អធិបតេយ្យជាតិអាចរងគ្រោះថ្នាក់ដោយសារឥទ្ធិពលនយោបាយពីកម្ពុជា។
រដ្ឋាភិបាលថៃមិនទាន់ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការទេ ប៉ុន្តែអ្នកវិភាគនយោបាយសង្កេតឃើញថា សំឡេងជាតិនិយមកំពុងកើនឡើង ដោយសារភាពតានតឹងនៅតំបន់ព្រំដែន និងការប្រកួតប្រជែងអំណាចរវាងយោធា និងរដ្ឋាភិបាល៕