ព័ត៌មានជាតិ

ក្រសួងកសិកម្ម៖ ពូជស្រូវ «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប ដែលសម្រេចបានបន្ទាប់ពីធ្វើពិសោធន៍និងបង្កាត់អស់រយៈពេល៩ឆ្នាំ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអោយដឹងថា ពូជស្រូវ «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប ដែលសម្រេចបានបន្ទាប់ពីធ្វើពិសោធន៍និងបង្កាត់អស់រយៈពេល៩ឆ្នាំ ដោយ CARDI, វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួលជាប្រភេទពូជស្រូវស្រាលប្រកាន់រដូវ ដែលមានគុណភាពល្អប្រណិត ជាមួយនិងស្រឡាយស្រូវ CNI9024 ជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវ មានដងដើមល្អមកពីប្រទេសចិន។

«ចំប៉ីស៧០» ជាឈ្មោះដែលផ្ដល់ដោយសម្ដេចតេជោ នៅចុងឆ្នាំ២០២២ ហើយក្រោយពីនោះមក CARDI បានបញ្ចេញនិងផ្សព្វផ្សាយជូនកសិករ។

ដោយសារតែមានអាយុកាលខ្លី អាចច្រូតកាត់បានក្នុងរយៈពេលពី ៩៣ ទៅ៩៧ថ្ងៃ ក្រោយព្រោះ ឬសាប កសិករអាចដាំដុះពូជស្រូវ «ចំប៉ីស៧០» នេះ នៅដើមរដូវវស្សា (ដំណាំទីមួយនៃរដូវ ឬស្រូវដើមរដូវ) ក្នុងរដូវវស្សា (ដំណាំទី២នៃរដូវ) ចុងរដូវវស្សា ស្រូវប្រដេញទឹក (ដំណាំចន្លោះរដូវវស្សា និងរដូវប្រាំង) និងលក្ខខណ្ឌប្រាំងស្រោចស្រព។

ពូជស្រូវ «ចំប៉ីស៧០» អាចផ្ដល់ផលជាមធ្យម ៤,៣តោន ក្នុង១ហិកតា។ គ្រាប់អង្ករសថ្លា វែងស្រឡូន ដែលមានប្រវែង ៧,៧មីល្លីម៉ែត្រ និងបន្ទា ២,០៦មីល្លីម៉ែត្រ ព្រមទាំងមានក្លិនក្រអូបប្រហើរ ដែលអាចមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្ដរជាតិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *