អ្នកនាំពាក្យ​បញ្ជាក់ពីមូលហេតុ នៃការ​ចាប់ខ្លួន​លោក ថាច់ សេដ្ឋា

លោក ថាច់ សេដ្ឋា ដែល​គេដឹងថា គឺជាមន្រ្តីជាន់ខ្ពស់​មួយ​រូប​នៅ​គណបក្ស​ភ្លើងទាន ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ​២០២២ តាមដីកា​របស់សាលា​ដំបូង​រាជធានីភ្នំពេញ។

អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានីភ្នំពេញ បានបញ្ជាក់ថា ការ​ចាប់ខ្លួន​លោក ថាច់ សេដ្ឋា គឺធ្វើ​ឡើង​ទៅតាម​បណ្តឹង​របស់​ក្រុមហ៊ុន​ រិន ឆាយ ផនសប កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ពីបទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរបាន (ការ​ចេញសែកដោយ​គ្មាន​សាច់ប្រាក់ចំនួន ៥សន្លឹក)។ អ្នក​នាំពាក្យ​បន្តថា បន្ទាប់ពី​បានធ្វើការ​ស៊ើប​អង្កេត ស្តាប់ចម្លើយ​របស់ភាគី​ពាក់ព័ន្ធ ព្រមទាំង​ពិនិត្យ​លើ​ភស្តុតាង​នានា​តាមនីតិវិធីរួចមក អយ្យការ​អម​សាលា​ដំបូងរាជធានីភ្នំពេញ បានសម្រេច​បើក​ការស៊ើបសួរ​លើឈ្មោះ ថាច់ សេដ្ឋា ។

បើតាម​អ្នកនាំពាក្យថា ក្នុង​ដំណាក់​កាលស៊ើបសួរ ជនត្រូវ​ចោទ​ឈ្មោះ ថាច់ សេដ្ឋា ខកខាន​មិន​បាន​ចូលខ្លួន​បំភ្លឺ​តាម​ដីកាបង្គាប់​ឱ្យ​ចូលខ្លួន​ចំនួន២លើក របស់ចៅក្រម​ស៊ើបសួរចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២១ និង​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០២១ ដោយ​ពុំមានមូលហេតុ។ រហូត​ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ​២០២៣ ចៅក្រមស៊ើបសួរ បានសម្រេច​ចេញដីកាបង្គាប់​ឱ្យ​នាំខ្លួន​លើជនត្រូវចោទ ថាច់ សេដ្ឋា ដើម្បីស្តាប់ចម្លើយ​តាមនីតិវិធី។

ក្រោយ​ពី​បានស្តាប់ចម្លើយ និង​ពិនិត្យ​លើ​ភស្តុតាង​នានា ចៅក្រម​ស៊ើបសួរ​បានសម្រេច​ឃុំខ្លួន​ជនត្រូវចោទ ថាច់ សេដ្ឋា តាមដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​លេខ ៤១២ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ​២០២៣៕