ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ក្រសួងកសិកម្ម​នឹង​ប្រើវិធីសាស្រ្តចំនួន២ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទីផ្សារ​កសិផល​

ខណៈទីផ្សារផលិតផលកសិកម្ម មិនមានស្ថិរភាព នៅពេលប្រមូលផលបានច្រើន ដូចករណីបញ្ហាស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម ជាដំណោះស្រាយចំពោះបញ្ហានេះ ក្រសួងបាន និងកំពុងប្រើប្រាស់វិធីសាស្ត្រពីរគឺវិធានការសរុប និងកំណែទម្រង់ក្នុងវិស័យកសិកម្ម។

ក្នុងពេល​អញ្ជើញចុះជួបសំណេះសំណាលជាមួយកសិករ ក៏ដូចជាពិនិត្យវឌ្ឍនភាពការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងកម្មវិធីអាស់ស្ប៉ាយខេត្តកែប ក្នុងភូមិចំការបី ឃុំពង់ទឹក ស្រុកដំណាក់ចង្អើរ កាលពីថ្ងៃទី២២ វិច្ឆិកា លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាងមួយខែមកនេះ លោកបានសិក្សាស្រាវជ្រាវ និងធ្វើកិច្ចការងារជាច្រើនដោយក្នុងនោះក៏ទទួលបាននូវការគាំទ្រ និងពាក្យរិះគន់មួយចំនួនផងដែរ។ ការងារកសិកម្មមានភាពស្មុគស្មាញទាំងការផលិត និងការលក់ចេញទៅកាន់ទីផ្សារ។ លោករដ្ឋមន្ត្រីបានបន្តថាកន្លងមក ផលិតផលកសិកម្មគ្មានស្ថិរភាពទីផ្សារនៅពេលដែលការដាំដុះ ការចិញ្ចឹម ការប្រមូលផលបានច្រើនធ្វើឲ្យតម្លៃផលិតផលទាំងនោះធ្លាក់ចុះ។ ជាក់ស្តែង ថ្មីៗនេះ ការកកស្ទះស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្រសួងបានប្រើវិធានការសរុបក្នុងការដោះស្រាយបញ្ហាបន្ទាន់។ គិតមកដល់ពេលនេះ ស្ថិរភាពតម្លៃស្រូវនៅខេត្តទាំងពីរបានល្អប្រសើរ និងមានស្ថេរភាពឡើងវិញហើយ។

លោកឌិត ទីណា បានបញ្ជាក់ថា ការប្រើវិធានការសរុបគ្រាន់តែជាមធ្យោបាយសម្រាប់ដោះស្រាយបញ្ហាទីផ្សារបណ្តោះអាសន្នប៉ុណ្ណោះ។ ក្រសួងនឹងប្រើវិធីសាស្ត្រមួយទៀតដើម្បីធានាដល់និរន្តរភាព ឬស្ថិរភាពទីផ្សារគឺការធ្វើកំណែទម្រង់ក្នុងវិស័យកសិកម្មទាំងមូល។ ក្នុងនោះ ក្រសួងនឹងលើកទឹកចិត្តឲ្យមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដោយធ្វើកសិកម្មតាមបច្ចេកទេស ធ្វើតាមយុទ្ធសាស្ត្រ និងធ្វើតាមតម្រូវការទីផ្សារ។

ជាមួយនេះ លោករដ្ឋមន្ត្រីក៏បានជំរុញដល់ប្រជាកសិករឲ្យបន្តខិតខំដាំដុះដំណាំបន្លែ ហើយកាត់បន្ថយការប្រើប្រាស់សារធាតុគីមីមកនៅតិចបំផុតទើបទីផ្សារលក់បានថ្លៃ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថាការចិញ្ចឹមសត្វ ត្រី ជ្រូក មាន់ ទាជាដើមត្រូវព្យាយាមទាក់ទងទៅមន្ត្រីជំនាញ ឬអ្នកបច្ចេកទេសដើម្បីសិក្សាស្វែងយល់បន្ថែមនូវចំណុចខ្វះខាត។ កម្ពុជាបច្ចុប្បន្នមិនអាចបន្តធ្វើកសិកម្មតាមលក្ខណៈប្រពៃណី ឬពឹងផ្អែកទៅលើធម្មជាតិទាំងស្រុងបន្តទៀតឡើយ៕