ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

នាយករដ្ឋបាលសាលាស្រុកសង្កែ លាលែងពីតំណែង ក្រោយអន់ចិត្តនឹងការតែងតាំងអភិបាលរងស្រុកថ្មី

នាយក​រដ្ឋបាលសាលាស្រុក​សង្កែ លោក គង់ សុ​គុណ្ណា បានសម្រេចចិត្ត​ដាក់​លិខិតទៅ​កាន់​ក្រសួងមហាផ្ទៃ ​ស្នើ​សុំ​ឈប់​ពី​តួនាទី​ការងារ ក្រោយ​មានការអន់ចិត្តចំពោះ​ការ​តែងតាំង​ដែលលោកថាមានភាពមិនប្រក្រតី និងអយុត្តិធម៌សម្រាប់រូបលោក នូវ​បេក្ខភាព​ពីរ​រូប​ថ្មីជា​អភិបាលរង​ស្រុក​សង្កែ ផ្ទុយ​ពី​គោល​ការ​របស់​ក្រសួងមហាផ្ទៃ​។

ក្នុង​លិខិត ចុះ​ថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក គង់ សុ​គុណ្ណា បានឱ្យដឹងថា លោកបានបំពេញការងារតួនាទីភារកិច្ចមន្ត្រីរាជការ ក្របខ័ណ្ឌក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០០១ រហូតបច្ចុប្បន្នក្នុងមុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ ខេត្តបាត់ដំបង។

តាមការបញ្ជាក់មូលហេតុរបស់លោក គង់ សុ​គុណ្ណា ក្នុងពាក្យ​ស្នើ​សុំ​លាលែងតំណែងនេះបានសរសេរថា៖ «​មូលហេតុ រូប​ខ្ញុំបាទ​មាន​សុខភាព​ផ្លូវចិត្ត​»​។

ក្នុង​ន័យ​នេះ លោកបាន​សំដៅ​ទៅ​លើ​ការ​តែងតាំង​អភិ​បាលរង​ស្រុក​សង្កែ ថ្មី​ចំនួន​២រូប ដែល​លោកអះអាង​ថា «ករណីការតែងតាំងអភិបាលរងស្រុកសង្កែមានភាពមិនប្រក្រតី» ដែលធ្វើឱ្យលោកទទួលរងនូវភាពអយុត្តិធម៌។ ដោយហេតុដូច្នេះ លោក គង់ សុ​គុណ្ណា ក៏ស្នើសុំលាឈប់ពីតួនាទីមុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង ចាប់ពីពេលដាក់ពាក្យលាឈប់នេះ។

យោងតាម​គោល​ការ​ណ៍​ក្រសួងមហាផ្ទៃ រាល់​ការ​តែងតាំង​អភិបាលរង​ស្រុក ឬ​ក្រុង បេក្ខភាព​គឺ​ត្រូវ​តែងតាំង​នាយក​រដ្ឋបាល សាលាស្រុក ឬ ក្រុង មិន​អាច​ច្រើ​ស​រើស​ចេញពី​អង្គភាព​ដទៃ​ឡើយ​។ ដោយឡែកក្នុងករណីនេះ ​សមាសភាព​អភិបាលរង​ស្រុក​សង្កែ​ចំនួន​ពីរ​រូប​ថ្មី​ដែលនឹងត្រូវឡើងបែរជា​ជ្រើស​រើស​យក​មក​ពី​អង្គ​ភាព​ផ្សេង ដែល​ធ្វើ​ឡើង​ដោយ​មិន​ប្រក្រតី តាម​ខ្សែរ​បណ្ដោញ មិន​គោរពគោល​ការ​ណ៍​ក្រសួងមហាផ្ទៃ៕