ព័ត៌មានជាតិ

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ស្នើ​ពលរដ្ឋ​រស់នៅ​សង្កាត់​តា​ខ្មៅ មិន​ទាន់​ទទួល​ប្រាក់​ឧបត្ថម្ភ ផ្ដល់​ព័ត៌មាន​មក ACU ជា​បន្ទាន់

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដែល​មាន​ប័ណ្ណ​សមធម៌ មិន​ទាន់​ទទួល​ប្រាក់​ឧបត្ថម្ភ ត្រូវ​ផ្ដល់​ព័ត៌មាន​មក ACU ជា​បន្ទាន់ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ ACU នា​ថ្ងៃ​ទី​១៦ វិច្ឆិកា បាន​ឲ្យ​ដឹង​ថា «​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សូម​លើកទឹកចិត្ត​ដល់​សាធារណៈជន រស់នៅ​ក្នុង​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល ដែល​មាន​ប័ណ្ណ​សមធម៌ ហើយ​មិន​ទាន់​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ សូម​ផ្ដល់​ព័ត៌មាន​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​បន្ទាន់​» ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​លើក​ឡើង​ថា ពិតជា​បាន​ទទួល​ជនសង្ស័យ​ឈ្មោះ សុខ សុ​ផា ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ស្មៀន​សង្កាត់​តា​ខៅ្ម ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​នានា ។

ACU បាន​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ សុខ សុ​ផា ត្រូវ​បាន អ​.​ប​.​ព​. ធ្វើការ​ឃាត់ខ្លួន នា​វេលា​ម៉ោង ១៧​និង​០០​នាទី ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ពាក់ព័ន្ធ​នឹង​ការ​មិន​បើកប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ក្នុង អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ។

ACU ធ្វើការ​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ការ​ដឹកនាំ​ស្រាវជ្រាវ​របស់ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​មូលនិធិ​ជាតិ​ជំនួយ​សង្គម ដោយ​សហការ​ជាមួយ​លោក​អភិបាល នៃ​គណៈ​អភិបាល​ខេត្តកណ្តាល លោកស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​ខេត្តកណ្តាល លោក​អភិបាល នៃ​គណៈ​អភិបាលក្រុង​តា​ខៅ្ម និង​លោក​ចៅសង្កាត់ តា​ខៅ្ម រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ។

បើ​តាម​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​បញ្ជូន​ខ្លួន​លោក សុខ សុ​ផា អតីត​ស្មៀនសាលា​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU)​ហើយ​បន្ទាប់​ពី​មន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកណ្ដាល ចុះ​ឃាត់ខ្លួន​ពាក់ ព័ន្ធ​ករណី​កិបកេង​ប្រាក់​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​និង​ជំងឺ​កូ​វី​ដ​-១៩ ។

សូម​ជម្រាប​ថា លោក សុខ សុ​ផា មាន​តួនាទី​ជា​ស្មៀនសាលា​សង្កាត់​តា​ខ្មៅ កាលពី​ព្រលប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ត្រូវ​បាន​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ខេត្តកណ្តាលកម្លាំងស្នង​ការ​ដ្ឋាន​នគរបាល​ខេត្តកណ្ដាល និង​កម្លាំង​នគរបាល​ក្រុង​តា​ខ្មៅ​ចុះ​ចាប់​ឃាត់ខ្លួន ករណី​ស៊ីដាច់​ប្រាក់​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​និង​ជំងឺ​កូ​វី​ដ​-១៩ ជាង​៦០​លាន​រៀល​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ស្មៀន​សង្កាត់​តា​ខ្មៅ បាន​ធ្វើការ​មិន​ប្រក្រតី​ទៅ​លើ​បណ្ណ​ចំនួន​១៨ ដែល​លួច​ដកហូត​ប្រាក់​សម្រាប់​ការ​ចាយវាយ​ខ្លួនឯង ដែល​កិច្ចការ​នេះ​ប្រជាពលរដ្ឋ​បា ន​ប្ដឹង​ទៅ​ក្រសួង​សង្គមកិច្ច ហើយ​លោក ឈួ​រ សុ​បញ្ញា ក៏​បាន​ចុះ​មក​អង្កេត និង​រក​ឃើញ​ថា លោក​ស្មៀន​ពិតជា​បាន​ប្រព្រឹត្ត​កំហុស​ពិតមែន​។

ភ្លាម​ៗ​នោះ​លោក ឈួ​រ សុ​បញ្ញា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ នាយក​មូលនិធិ​ជាតិ​ជំនួយ​សង្គម បាន​បង្គាប់​ឱ្យ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​លោក ស្មៀន​សង្កាត់​តា​ខ្មៅ​ភ្លាម​ៗ និង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​តាម​នីតិវិធី ហើយ​សម្រេច លោក​ស្មៀន​ត្រូ វ​បាន​បញ្ជូន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តែ​ម្តង​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *