ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ក្រសួងប្រៃសនីយ៍​ប្រាប់​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ឧបាយ​កលបោក​បញ្ឆោតលួច​គណនីតេឡេក្រាម ក្រោមទម្រង់រូបភាពមានចលនា “Gift 74/100 Free Premium”

ក្រសួងប្រៃសនីយ៍​ និង​ទូរគមនាគមបាន​ឱ្យដឹងថា នាពេលថ្មីៗនេះ មានការប្រើល្បិចលួចយកគណនីតេឡេក្រាម តាមរយៈ ការបោកបញ្ឆោតដោយចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោកប្រាស់បានបង្កើតតំណភ្ជាប់ក្លែងក្លាយដោយដាក់រូបភាពមានចលនា(Gif) និងតំណភ្ជាប់ មើលទៅហាក់ដូចជាសាររបស់ក្រុមហ៊ុនតេឡេក្រាម ក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់ដើម្បីលួចយកគណនី។

បើតាម​ក្រសួង ការបោកបញ្ឆោតនេះធ្វើឡើងតាមរយៈការជូនដំណឹងទៅម្ចាស់គណនីតេឡេក្រាម ក្រោមទម្រង់រូបភាពមានចលនា(Gif) ដែលមានពាក្យថា “Gift 74/100 Free Premium” ដើម្បីបំពេញព័ត៌មានទទួលបានគណនីប្រើប្រាស់គ្មានដែនកំណត់ នៅពេលម្ចាស់គណនីតេឡេក្រាមចុចលើរូបភាពមានចលនា ឬតំណភ្ជាប់ នឹងមានការតម្រូវឱ្យបញ្ចូលព័ត៌មានសំខាន់ៗដូចជា ឈ្មោះ ពាក្យសម្ងាត់គណនី ជាដើម។ បន្ទាប់មកចោរព័ត៌មានវិទ្យា (Hackers) ធ្វើការលួចយកគណនីតេឡេក្រាម។

យ៉ាងណាក៏ដោយ​ជា​វិធានការបង្ការ ក្រសួងប្រៃសនីយ៍​បានធ្វើ​ការ​ណែនាំ​ដល់អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Telegrame សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបន្លំ ក្រោមទម្រង់រូបភាពមានចលនា(Gif) ដែលមានពាក្យថា “Gift 74/100 Free Premium” ដោយ​ត្រូវ​ធ្វើការត្រួតពិនិត្យរាល់រូបភាពមានចលនា(Gif) ឬតំណភ្ជាប់នានាឱ្យបានច្បាស់លាស់និងមិនត្រូវចុចបើកមើល ឬបញ្ចូលព័ត៌មានសំខាន់ៗតាមការទាមទារ។

បើសិនជាលោកអ្នកបានចុច សូមកុំបំពេញព័ត៌មានអ្វីទាំងអស់ សូមប្តូរលេខសម្ងាត់ និង ចាកចេញ (Sign Out) គ្រប់ឧបករណ៍ទាំងអស់ភ្លាម ជៀសវាងការបាត់បង់គណនី៕