សង្គម

ម៉ូតូបុកសត្វគោឆ្លងផ្លូវបាក់កងាប់, ចុងក្រោយ​សមត្ថកិច្ច​ដឹកគោទៅសាលាស្រុក ខណៈអ្នក​បើក​ម៉ូតូ​ចូលពេទ្យ

កាលពីវេលាម៉ោង​ប្រមាណ៧យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិលេខ២ ចំណុច​ភូមិ​ពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ដោយម៉ូតូ​មួយ​គ្រឿង បានបុក​សត្វគោដែលឆ្លង​ផ្លូវ បណ្តាល​ឱ្យ​សត្វគោនោះ​បាក់កងាប់ ចំណែក​អ្នក​បើក​បរម៉ូតូ​រងរបួស​បាក់ដងកាំបិត។

ករណីនេះ គេ​មិន​ឃើញ​ម្ចាស់​គោ​ចេញមុខ​មក​ទទួល​ខុស​ត្រូវ​ឡើយ ដូច្នេះ​សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកបាទី បាន​ត្រឹម​ធ្វើកំណត់ហេតុ រួច​ដឹក​សត្វ​គោ​នោះ​ទៅអធិការ​ដ្ឋាន ខណៈ​អ្នក​បើកបរម៉ូតូ​ត្រូវ​ដឹក​ទៅ​កាន់មន្ទីរពេទ្យ។

បើតាមសេចក្តីរាយការណ៍ អ្នក​បើកបរម៉ូតូ​ដែល​រងរបួស​ រស់នៅ​ភូមិ​ជន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ជិះម៉ូតូ​ម៉ាកសង់ឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ-1TJ 6955 បានរងរបួស​ត្រង់ដងកាំបិតយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយ​ករណីនេះ ជាសារព្រមាន​មួយ​ចំពោះ​ម្ចាស់សត្វពាហនៈទាំងឡាយ សូមចាប់ចង និង​មើល​ថែសត្វពាហណៈរបស់​ខ្លួនឱ្យ​បានល្អ ដោយ​កុំ​បណ្តោយ​ឱ្យ​ដើរពាសវាលពាសកាល ដែល​អាច​បណ្តាល​ឱ្យ​មានគ្រោះថ្នាក់ដល់អ្នក​ដែលធ្វើដំណើរ​តាមផ្លូវ។ បើយោង​តាម​ច្បាប់ចរាចរណ៍ផ្លូវគោក ម្ចាស់​សត្វពាហនៈ​ដែល​បណ្តែត​បណ្តោយ​ឱ្យ​សត្វ​របស់ខ្លួន​ដើរ​ពាសវាលពាសកាល​បង្ករ​ជា​ហេតុ​កើត​គ្រោះថ្នាក់ដល់អ្នកដទៃ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *