ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

អាជ្ញាធរកូរ៉េ រកឃើញជនបរទេសចំនួន១៩នាក់ បានទទួលមរណភាពក្នុងឧប្បត្តិហេតុរត់ជាន់គ្នានៅតំបន់ អ៊ីថេវ៉ុន ប៉ុន្តែមិនមានជនជាតិខ្មែរទេ

មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េបានឱ្យ​ដឹងថា មកដល់វេលានេះ យើងបានទទួលព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមកថា មានជនបរទេសចំនួន១៩នាក់ ដែលបានទទួលមរណភាពក្នុងឧប្បត្តិហេតុនៅតំបន់ អ៊ីថេវ៉ុន នៅយប់ថ្ងៃទី២៩ រំលងចូលអាធ្រាតថ្ងៃទី៣០ ខែតុលា ហើយក្នុងចំណោមជនបរទេសដែលអាជ្ញាធរបានរកឃើញអត្តសញ្ញាណ គឺមិនមានជនជាតិខ្មែរទេ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃសៅរ៍ គ្រាដែលពលរដ្ឋកូរ៉េខាងត្បូង ជាពិសេសយុវវ័យប្រមាណជា ១០ម៉ឺននាក់ កំពុងដើរលេងកម្សាន្តពេលរាត្រី នៃទីក្រុងសេអ៊ូល ដើម្បីអបអរពិធីបុណ្យ Halloween ក៏បានកើតមានហេតុការណ៍រត់ជាន់គ្នានេះកើតឡើង។ ការជួបជុំដើម្បីអបអរសាទរពិធីបុណ្យ Halloween ទើបនឹងត្រូវបានបើកឱ្យមានការជួបជុំឡើងវិញ ក្រោយពីការរាតត្បាតជំងឺកូវីដ១៩។

តួលេខចុងក្រោយពីអាជ្ញាធរកូរ៉េខាងត្បូង បានបង្ហាញថា មនុស្សយ៉ាងហោចណាស់ ១៥៣នាក់បា នស្លាប់ និង ៨២នាក់រងរបួស ក្នុងនោះ ១៩នាក់ របួសធ្ងន់។ ក្នុងចំណោមអ្នកបាត់បង់ជីវិត តួលេខជនបរទេសបានកើនដល់ ២២នាក់ រួមមានជនជាតិចិន ៤នាក់, អ៉ីរ៉ង់៤នាក់, រុស្ស៉ី៣នាក់, អាមេរិក១នាក់, បារាំង១នាក់, អូស្រ្តាលី១នាក់, វៀតណាម១នាក់, អ៊ូសបេគីស្ថាន១នាក់, ន័រវែស១នាក់, កាហ្សាក់ស្ថាន ១នាក់, ស្រីលង្កា១នាក់, ថៃ ១នាក់ និងអូស្រ្តាលី ១នាក់ ខណៈជនបរទេសម្នាក់ចុងក្រោយ មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ នៅឡើយទេ៕