សង្គម

ក្រោយផ្ទុះប្រតិកម្មក្រុមហ៊ុនចិនចាក់ដីលប់សមុទ្ទនៅឆ្នេរអូរត្រេះ ពេលនេះអាជ្ញាធរសម្រេចផ្អាកការសាងសង់ជាបណ្តោះអាសន្ន

លោក ឃាង ភារម្យ ប្រធានការិយាល័យវិនិយោគនៃរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ទីតាំងចាក់ដីនេះជាគម្រោងសាងសង់អាងតន្ត្រីបាញ់ទឹក និងទំនប់ការពារលកសមុទ្ទ របស់ក្រុមហ៊ុនចិនមួយបន្ទាប់ពីបានពិនិត្យ និងពិភាក្សាគ្នារួចមក លោក អ៊ី សុខឡេង អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានការងារ បានសម្រេចផ្អាកការដ្ឋានសាងសង់ក្រុមហ៊ុនជាបណ្តោះអាសន្នសិន។

លោក ឃាង ភារម្យ ប្រធានការិយាល័យវិនិយោគនៃរដ្ឋបាលខេត្តព្រះសីហនុបានបន្ថែមថា ក្រុមហ៊ុនត្រូវកាយដីដែលបានចាក់លើឆ្នេរសមុទ្ទចេញ និងជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ។​ ក្រុមហ៊ុនត្រូវមានសហការពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងការកំណត់និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្ទឱ្យបានច្បាស់លាស់ និងត្រូវស្នើសុំគោលការណ៍ប្រើប្រាស់ដីសាធារណៈពីរាជរដ្ឋាភិបាល។ ក្រុមហ៊ុនត្រូវសិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្ទឱ្យបានច្បាស់លាស់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអត្តសញ្ញាណល្អឯកសម្រាប់ខេត្តព្រះសីហនុ។​​

ក្រុមហ៊ុនត្រូវសិក្សាពីផលប៉ះពាល់បរិស្ថានឱ្យបានហ្មត់ចត់។ ​​ត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ ​​ក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងឱ្យស្របតាមនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តិដែលមានចែងជាធរមាន។

ជាមួយគ្នានេះ​​ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលបន្ទុកជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានបញ្ជាក់ថា ចំពោះទីតាំងដែលចាក់ដីលប់ឆ្នេរ និងចាក់ដីចូលសមុទ្រនេះ គឺជាគម្រោងវិនិយោគរបស់ក្រុមហ៊ុន យូណាន ជីងចេង ខូអិលធីឌី ហើយត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្តល់សិទ្ធិវិនិយោគ និងត្រូវបានក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ចុះហត្ថលេខាសម្រេចដោយ ឯកឧត្តម តឹក រ៉េត រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម​ និងសំណង់ បានសម្រេចឱ្យក្រុមហ៊ុនចិនខាងលើមានសិទ្ធិអភិវឌ្ឍន៍នៅចំណុចឆ្នេររអូរត្រេះស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងនិងខេត្តព្រះសីហនុ ក្នុងទំហំផ្ទៃដីជាង៨ហិចតា។

សូមជម្រាបថា​ ក្រុមប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរនាដើមសប្តាហ៍នៅខែមិថុនានេះ បានសំដែងការភ្ញាក់ផ្អើល និងបានបញ្ចេញមតិផ្សេងៗគ្នា ជុំវិញសកម្មភាពដែលបាននិងកំពុងចាក់ដីចូលទៅក្នុងសមុទ្ទយ៉ាងជ្រៅ ដោយអ្នកខ្លះបានសំដែងការសាទរ ចំពោះការអភិវឌ្ឍដ៏ឆាប់រហ័ស ធ្វើឱ្យខេត្តព្រះសីហនុកែប្រែមុខមាត់ថ្មី សក្ដិសមខេត្តពហុបំណង។

ប៉ុន្តែមតិខ្លះទៀតបានសំដែងការខកចិត្ត​ ដោយពួកគាត់បានបង្ហើបថា ពួកគាត់ពិតជាមានការសោកស្ដាយចំពោះឆ្នេរដ៏ស្រស់ស្អាតដែលពិភពលោកទទួលស្គាល់ថា ឆ្នេរសមុទ្ទកម្ពុជា ជាឆ្នេរដែលស្អាតជាងគេបំផុតលើពិភពលោក សូម្បីតែប្រទេសជិតខាងក៏ពុំមានឆ្នេរស្អាតដូចប្រទេសកម្ពុជាដែរ ប៉ុន្តែថ្មីៗនេះបែរជាមានក្រុមហ៊ុនវិនិយោគបរទេសមានសិទ្ធិចាក់ដីលុបឆ្នេរ លប់សមុទ្ទ យ៉ាងសេរីទៅវិញ។​​ ​​ចំពោះការអភិវឌ្ឍក្នុងនាមពួកគាត់ជាកូនខ្មែរ រីករាយស្វាគមន៍ជានិច្ច តែស្នើឱ្យការអភិវឌ្ឍនោះកុំធ្វើឱ្យប៉ះពាល់ដល់ឆ្នេរសមុទ្ទដ៏ស្រស់ផូរផង់របស់កម្ពុជាអី៕