ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

អាជ្ញាធរកំពុងស្វែងរកចាប់កូនក្រពើដែលលោកស្រី ហ៊ុន ស៊ីណាត បានលែងនៅកសិន្ធុប្រាសាទអង្គរវត្ត

ខេត្តសៀមរាប ៖ នៅថ្ងៃ​ទី​៨​ ខែវិច្ឆិកា​នេះ ដោយបានការណែនាំពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប,​ ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​ អាជ្ញាធរអប្សរា មន្ទីរ​ អង្គភាព​ជំនាញពាក់ព័ន្ធ​បានចុះពិនិត្យ​កន្លែង​ដែលលោកស្រី ហ៊ុន ស៊ីណាត បានលែងកូនក្រពើ​ និងរកមធ្យោបាយដើម្បីតាមចាប់កូនក្រពើតូច​ បណ្ដោយ​ប្រហែល​៤០​សង់ទីម៉ែត្រ​ ដែលបានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត​ ប៉ែក​ខាងកើត​កាលពី៣ថ្ងៃមុន។

រដ្ឋបាលខេត្តសៀមរាប ចេញផ្សាយថា ក្រោយពីបានចុះដល់ទីតាំង​ និងបានពិនិត្យជាក់ស្ដែងរួចមក​ លោកនាយករដ្ឋបាល​សាលាខេត្ត​ បានសុំឲ្យអាជ្ញាធរអប្សរា​ សហការជាមួយក្រុមការងារជលផល​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បន្តកិច្ចការតាមចាប់កូនក្រពើនេះ​ ដោយប្រើប្រាស់កម្លាំងមន្ត្រីជំនាញ​តាមប្រមាញ់​២៤ម៉ោង​ លើ​ ២៤ម៉ោង​ ពិសេសពេលកូនក្រពើតូចនេះចេញរកចំណីនៅពេលយប់តាមមាត់ច្រាំងនៃកសិន្ធុប្រាសាទអង្គរវត្ត។

តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពីកសិន្ធុនេះនៅឡើយទេ។ មន្ត្រីជំនាញនឹងប្រើប្រាស់មធ្យោបាយចាប់មកវិញ ដោយ ការដាក់សន្ទូច ឬការអូសមង ឬ ការឆ្លុះនឹងកែឆ្លុះចាប់នៅពេលយប់។

រដ្ឋបាលខេត្តសៀមរាប សូមសាធារណជនកុំមានភ្ញាក់ផ្អើល និងព្រួយបារម្ភឡើយ ព្រោះថាកូនក្រពើនេះនៅតូចមិនទាន់អាចបង្កគ្រោះថ្នាក់អ្វីឡើយ ហើយសមត្ថកិច្ចនឹងរកឃើញក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ៕