ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

អភិបាលខេត្តកំពង់ចាម​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​រួមគ្នា​ថែរក្សា​សុខសន្តិភាព​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​ កសាង​សមិទ្ធផល​ថ្មី​ៗ​បន្ថែម​ទៀត​

កំពង់ចាម​ ៖ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានថ្លែង​​ថា ដោយ​សារ​ប្រទេស​ជាតិ​យើង​មាន​សុខសន្តិភាព​ ទេីប​យេីង​មាន​ឱកាស​ធ្វើ​បុណ្យទានរួមគ្នា​ ខុស​ពី​ជំនាន់​ប៉ុលពត​ដែលគេ​យកទី​វត្តអារាម​ធ្វើ​ជា​គុក​ ​ឬ​ធ្វើ​ជា​ក្រោល​សត្វ​ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ រួមគ្នា​​ថែរក្សា​នូវ​សុខសន្តិភាពមួយ​នេះ​ ​ឲ្យ​បាន​គង់វង្ស​យូរ​អង្វែង​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​ កសាង​សមិទ្ធផល​ថ្មី​ៗ​ បន្ថែមទៀត​។ ការ​ថ្លែងយ៉ាង​ដូច្នេះ​ក្នុង​ឱកាស​​ចូល​រួម​ពិធី​សូត្រ​មន្ត​ក្នុង​ពិធី​បុណ្យ​កឋិន​ទាន​ នៅ​វត្ត​ចំការ​អណ្តូង​ ស្ថិត​ក្នុង​ឃុំ​ចំការ​អណ្តូង​ ស្រុក​ចំការ​លើ​ ខេត្ត​កំពង់​ចាម​ នាល្ងាច​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ។​

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​​នោះ​ដែរ​ ឯកឧត្តម​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​លេីក​ឡើង​ថា​ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នៅ​ទីនេះ​ ជា​អ្នក​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ​ ដូច្នេះ​បើ​មាន​ការ​អ្វី​ ឬត្រូវ​ការ​អ្វី​ សូម​ពុកម៉ែ​ប្រាប់​មក​មន្ត្រី​យេីង​​ឲ្យ​បាន​ឆាប់រហ័ស​ បេី​រឿងដែល​អាច​ដោះស្រាយ​បាន​ត្រឹម​ថ្នាក់​មូលដ្ឋាន​ អាជ្ញាធរ​នឹង​ដោះស្រាយ​ជូន​ភ្លាមៗ​ បើ​ដោះស្រាយ​មិន​ចេញ​ ត្រូវ​ស្នើ​ទៅ​ថ្នាក់​ខេត្ត​ឲ្យ​ខេត្ត​​ជួយ​ដោះស្រាយ​ បេី​ថ្នាក់​ខេត្ត​ដោះស្រាយ​មិន​ចេញ​ ត្រូវ​ស្នើ​ទៅ​ថ្នាក់​ជាតិ​ ដេីម្បី​រក​ដំណោះស្រាយ​ជូន​បងប្អូនប្រជាពលរដ្ឋ​ ដោយ​មិន​មាន​ការ​រេីសអេីង​អ្វី​ឡើយ​។

ជាមួយ​គ្នា​នោះ​ ឯកឧត្ដម​អភិបាលខេត្ត​​ ក៏​បាន​​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​ចូលរួមប្រឆាំងជាដាច់ខាត់​ចំពោះ​កា​ប៉ុនប៉ង បង្កើតបដិវត្តពណ៌ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែល​ជា​ការ​រៀបចំ​ឡើង​ដោយ​ក្រុម​​អ្នក​នយោបាយ​ប្រឆាំង​ក្រៅ​ច្បាប់​ ហើយ​នាំគ្នា​ចូលរួម​ពិធី​ពិសារ​អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ​ នៅថ្ងៃទី០៩ ខែវិច្ឆិកា​ ខាង​មុខ​ឆាប់​ៗនេះ​ នៅតាមទីវត្តអារាមនានា ក៏ដូចជានៅតាម​គេហដ្ឋាន​​បងប្អូន​ ​ក៏សូម​រៀបចំ​​ពិធី​នេះផងដែរ​ ៕