ព័ត៌មានជាតិ

ពិធីប្រកាសតែងតាំង លោក ឆាយ លាភា ត្រូវបានតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ជំនួស លោក កែវ ពៅ ដែលត្រូវចូលនិវត្តន៍

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ឆ្នាំង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពចូលកាន់មុខតំណែងប្រធានមន្ទីរថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន សរុបទាំងអស់ចំនួន២៥១នាក់។
ការតែងតាំងលោក ឆាយ លាភា ជាប្រធានមន្ទីរថ្មីនៃមន្ទីរសាធារណការ និងដឹកជញ្ជូននេះគឺធ្វើឡើងដើម្បីជំនួសប្រធានមន្ទីរចាស់ គឺឯកឧត្ដម កែវ ពៅ ដែលលោកត្រូវចូលនិវត្តន៍។ ជាងនេះទៅទៀត វាក៏ជាការលើកកម្ពស់វប្បធម៌ផ្លាស់ប្ដូរបទពិសោធន៍ ផ្ដល់ឱកាសសិក្សារៀនសូត្រ ក្រេបយកបទពិសោធន៍ថ្មីបន្ថែមដើម្បីពង្រីកសមត្ថភាពរបស់ខ្លួនឱ្យបានទូលំទូលាយ។ល។
ថ្លែងក្នុងពិធីនោះ លោកទេសរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក កែវ ពៅ ប្រធានមន្ទីរចាស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារលើវិស័យសាធារណការ និងដឹកជញ្ជូនក្នុងខេត្តនេះ ឱ្យមានការរីកចម្រើន ព្រមទាំងបានរឹតចំណងសាមគ្គីភាពដ៏ជិតស្និទ្ធរវាងមន្ត្រីនិងថ្នាក់ដឹកនាំ ទំនាក់ទំនងល្អជាមួយមន្ទីរអង្គភាពជុំវិញខេត្ត ជាពិសេសកិច្ចសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលខេត្ត សំដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងលើកកម្ពស់គុណភាពសេវាសាធារណៈ។

ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើ លោក ឆាយ លាភា ដែលជាប្រធានមន្ទីរថ្មីឱ្យខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីបន្តដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនឱ្យមានការរីកចម្រើនទាំងវិស័យសាធារណការ និងវិស័យដឹកជញ្ជូន ព្រមទាំងបន្ត និងរក្សានូវវប្បធម៌សហការ ចែករំលែក រួមសុខរួមទុក្ខ ជាមួយមន្ត្រីក្រោមឱវាទ ជាពិសេសត្រូវចងចាំ និងអនុវត្តឱ្យបានដាច់ខាតនូវគោលការណ៍ទាំង១១ចំណុចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកទេសរដ្ឋមន្ត្រី បានផ្ដល់មួកសុវត្ថិភាពចំនួន ១០០មួក និងណែនាំដល់ប្រធានមន្ទីរថ្មីឱ្យកៀរគររកមួកសុវត្ថិភាពបន្ថែមទៀត តាមរយៈការជំរុញការចូលរួមពីវិស័យឯកជន ដើម្បីរៀបចំធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅអត្រាទាបបំផុត។
ជាការឆ្លើយតប លោក ឆាយ លាភា បានប្ដេជ្ញាបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងសេវាសាធារណៈក្នុងខេត្តនេះឱ្យរីកចម្រើនថែមទៀត ដោយប្រើឱ្យអស់ពីកម្លាំងកាយ ចិត្ត និងពេលវេលា ប្រើគ្រប់មធ្យោបាយ និងនីតិវិធី បន្តកិច្ចសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្តយ៉ាងស្អិតរមួត ក្នុងគោលបំណងតែមួយគត់គឺការអភិវឌ្ឍ ត្រងត្រាប់និងអនុវត្តនូវរាល់ភារកិច្ចដែលរដ្ឋបាលខេត្ត ក៏ដូចជាក្រសួងដាក់ជូន អនុវត្តនូវរាល់បទបញ្ញត្តិដែលក្រសួងដាក់ជូន ជាពិសេសគោលការណ៍ទាំង១១ចំណុចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *