ព័ត៌មានជាតិ

ទូតអាមេរិកប្រកាសគោរពតាមតួនាទី និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសន្ដិសុខ សុវត្ថិភាពជូនប្រជាជន

ភ្នំពេញ ៖ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតថ្មី សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ខ្លួនគោរពទៅលើតួនាទី និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធ ក្នុងការធានាសន្ដិសុខ សុវត្ថិភាព ជូនប្រជាជនកម្ពុជា។ ការលើកឡើងរបស់លោក W.Patrick Murphy បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។

លោក W.Patrick Murphy បានលើកឡើងយ៉ាងដូច្នេះ «យើងខ្ញុំគោរពទៅលើតួនាទី និងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ពិសេសការធានាសន្ដិសុខ ទៅដល់ប្រជាជនកម្ពុជា រួមទាំងជូនយើងខ្ញុំផងដែរ»។ លោកបានគូសបញ្ជាក់ទៀតថា យើងបានប្ដេជ្ញាចិត្តរួមគ្នា ពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការជួញដូរសត្វព្រៃ ការជួញដូរមនុស្ស ការការពារកុមារ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអន្ដរជាតិ ព្រមទាំងការងារមួយចំនួនទៀត។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង ក្រសួងមហាផ្ទៃ និងស្ថានទូតអាមេរិក និយាយដោយឡែក និងនិយាយជារួម កម្ពុជា-អាមេរិក បានឯកភាពគ្នាបន្ដពង្រឹងពង្រីកវិស័យសន្ដិសុខ ការបង្ក្រាបបទល្មើសផ្សេងៗ។ ទន្ទឹមនោះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលអាមេរិក តាមរយៈរដ្ឋមន្ដ្រីក្រសួងការបរទេស ដែលបានជូនពរដល់កម្ពុជា ក្នុងការប្រារព្ធបុណ្យឯករាជ្យជាតិ។ សម្ដេចបានគូសបញ្ជាក់ថា ក្នុងឱកាសខួបអនុស្សាវរីយ៍៧០ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជា-​អាមេរិក ភាគីទាំងពីរនឹងរិះរកនូវកម្មវិធីល្អៗ ដើម្បីសម្ដែងឲ្យឃើញនូវទំនាក់ទំនងដ៏យូរអង្វែង ហើយកាន់តែពង្រីកពង្រឹងឲ្យកាន់តែល្អបន្ថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *