ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន ៖ ទោះគ្មានករណីឆ្លងជំងឺកូវីដ-១៩ តែពលរដ្ឋកុំភ្លេចការពារខ្លួន និងអនុវត្តវិធានការសុខាភិបាល​

គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី​១២ ខែឧសភា គឺមានរយៈពេល​៥ថ្ងៃហើយដែលកម្ពុជាពុំមានករណី​ឆ្លងជំងឺកូវីដ-១៩ និងជំងឺបំប្លែងថ្មីអូមីក្រុងឡើយ​។ ​តែយ៉ាងណា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាលបាន​អំពាវនាវដល់ពលរដ្ឋ​ត្រូវបន្តការការពារខ្លួន និងចូលរួមអនុវត្តវិធានការសុខាភិបាល​៣កុំ និង៣ការពារឲ្យបានខ្ជាប់ខ្ជួន។

«នៅលើសកលលោកជំងឺកូវីដ-១៩ នៅមាននៅឡើយទេ យើងមិនបាច់មើលអីឆ្ងាយទេ គឺប្រទេសជិតខាងរបស់យើង​ក៏មានការរាយការណ៍អំពីករណីឆ្លង និងករណីស្លាប់ជារឿយៗជារៀងរាល់ថ្ងៃ។ ថ្វីដ្បិតកន្លែងនេះ គឺមានការថមថយ តែវីរុសនេះគឺនៅតែចរាចរ​នៅឡើយទេ»

ខណៈពេលដែលកម្ពុជាជិតដល់រដូវវស្សា​​​លោកជំទាវ ឱ វណ្ណឌីន បានប្រាប់ដល់ពលរដ្ឋមិនត្រឹមតែ​ប្រុងប្រយ័ត្នចំពោះ​ហានិភ័យផ្សេងៗក្នុងអំឡុងកម្ពុជាធ្លាក់ភ្លៀងប៉ុណ្ណោះទេ តែពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្នចំពោះការរាតត្បាតជំងឺផ្សេងៗដូចជា គ្រុនឈីក និងគ្រុនឈាមជាដើម ជាពិសេសជំងឺរាតត្បាតសកលជំងឺកូវីដ-១៩ផងដែរ។

រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាលបានអំពាវនាវជាដដែលៗ​ដល់ពលរដ្ឋ​​គឺត្រូវតែនាំគ្នា​​ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់ដូស ដើម្បីបង្កើន​ភាពស៊ាំក្នុងសហគមន៍បន្ថែមទៀត ខណៈដែលកម្ពុជានៅសល់វ៉ាក់សាំងក្នុងឃ្លាំងចំនួនជាង​១២លានដូសទៀត។

បច្ចុប្បន្នកម្ពុជានៅសល់អ្នកជំងឺកូវីដ-១៩ និងជំងឺកូវីដ-១៩អូមីក្រុងចំនួន​២២នាក់ប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាល។ នៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១៣៦,២៦២នាក់ អ្នកស្លាប់មានចំនួន៣,០៥៦នាក់ ក្នុងនោះមានអ្នកឆ្លងជំងឺកូវីដ-១៩ប្រភេទអូមីក្រុងចំនួន២១,២១៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន១៣៣,១៨៤នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *