ព័ត៌មានជាតិ

ខេត្តព្រៃវែង ត្រូវ​​ប្រកាសថា ​ជា​ខេត្ត​អស់​មីន

ប្រធានអាជ្ញាធរ​មីន បានប្រកាស​កាលពីថ្ងៃព្រហស្បត្តិ៍ (១២ ឧសភា) ថា ខេត្តព្រៃវែង ជាខេត្ត​អស់មីន ។

លោក លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ​មាន​ប្រសា​ន៍​ថា “ ថ្ងៃនេះ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ មិន​ត្រឹមតែ​សម្រាប់ ប្រជាជន​ខេត្តព្រៃវែង ប៉ុណ្ណោះ​ទេ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ សម្រាប់​ប្រជាជន កម្ពុជា​ទាំងមូល ក្នុងការ​អបអរសាទ​រ​ខេត្តព្រៃវែង ជា​ខេត្ត​អស់​មីន​។ ទោះបី​ខេត្តព្រៃវែង ត្រូវបាន​ប្រកាស ជា​ខេត្ត​អស់​មីន ប៉ុន្តែ​ខេត្តព្រៃវែង នៅ​ទទួលរង​គ្រោះ ដោយសារ​គ្រាប់បែក ទម្លាក់ ពីលើ​យន្តហោះ គ្រាប់បែក​ចង្កោម និង​គ្រាប់​មិនទាន់​ផ្ទុះ គ្រប់​ប្រភេទ ជាច្រើន​ទៀត លើ​ផ្ទៃដី​ប្រមាណ ១៦៤ គីឡូម៉ែត្រ​ក្រឡា សរុប ១.២៩៨ ចម្ការ​គ្រាប់ ដែល​យើង​ទាំង អស់​គ្នា ត្រូវ​រួមគ្នា​បន្ត​ចាត់វិធានការ​ដោះស្រាយ និង​ឆ្លើយតប​ទៅនឹង​គ្រាប់​មិនទាន់​ផ្ទុះ ទាំងនោះ ឲ្យ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់”។​

ឆ្លៀត​ក្នុងឱកាស​នេះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ម្ចាស់ជំនួយ និង​ប្រទេស​ជា​មិត្ត ដ៏​ឆ្នើម​ដទៃទៀត ដែល​បាន​ចូលរួម ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជួយឧបត្ថម្ភ​គាំទ្រ ទាំង​ផ្នែក​បច្ចេកទេស សម្ភារ និង​ថវិកា ដល់​ការងារ​សកម្មភាព​មីន​មនុស្សធម៌ ដូចជា សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ ន័​រវេ​ស្ស ស្វី​ស ចិន កាណាដា ណូ​វែ​ល​សេ​ឡង់ សាធារណរដ្ឋ​កូរ៉េ អៀរ​ឡង់ ហុង​គ្រី UNDP និង UNICEF ព្រមទាំង​មូលនិធិ​អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមទៀត​ថាៈ ជាមួយនឹង​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង និង​ការតាំង​ចិត្ត​ខ្ពស់​របស់ រាជរដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ​មីន បាន​នឹង​កំពុង​ពិចារណា និង​ពិនិត្យ​លទ្ធភាព ស្វែងរក​ដៃគូរ និង​សប្បុរជន​នានា ដើម្បី​ធ្វើការ​បោសសម្អាត​មីន​ឱ្យអស់ ដែល​បានដឹង​លើ​ខេត្ត​ចំនួន ៥ ដែលមាន​ប៉ះពាល់​តិចជាងគេ រួមមានៈ ១.​ខេត្តកំពង់ចាម មាន​ផ្ទៃដី ៩៨ ហិកតា ២.​ខេត្ត​ព្រះសីហនុ មាន​ផ្ទៃដី ១៧៤ ហិកតា ៣. ខេត្តរតនគិរី មាន​ផ្ទៃដី ២៧៥ ហិកតា ៤. ខេត្តកំពង់ឆ្នាំង មាន​ផ្ទៃដី ៣២៨ ហិកតា និង​៥. ខេត្តតាកែវ មាន​ផ្ទៃដី ៣៦៣ ហិកតា​។​

​លោក Anthony Galliano ប្រធាន AmCham បាន​មានប្រសាសន៍ថាៈ ក្រុមប្រឹក្សា AmCham មាន​កិត្តិយស​ដែល​បាន​ចូលរួម អបអរសាទរ​ប្រែក្លាយ ខេត្តព្រៃវែង ជា​ខេត្ត​អស់​មីន តាមរយៈ​អាជ្ញាធរ​មីន ដែលជា​ការរួមចំណែក​ដល់​កិច្ចខិតខំ ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហា​មីន នៅ​កម្ពុជា​។

លោក​ប្រធាន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​អ្នកដោះមីន​កម្ពុជា ដែល​បានធ្វើការ ទាំង​ប្រថុយប្រថាន និង​គ្រោះថ្នាក់​បំផុត ក្នុងការ​រំដោះ​ផ្ទៃដី​មាន​មីន និង​ជួយសង្គ្រោះ ដល់​អាយុជីវិត​របស់ ប្រជាពលរដ្ឋ​កម្ពុជា​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *