ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

លោក សុខ ពេញវុធ អភិបាល នៃគណៈ អភិបាលខណ្ឌដូនពេញ បានចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យ និងបង្ក្រាបជាក់ស្តែងទីតាំងអាជីវកម្មមួយកន្លែង របស់ជនជាតិចិន ដែលត្រៀមបើកហាងម៉ាស្សា ស្ទីម-សូណា និងបង្កប់សេវាផ្លូវភេទ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ

ភ្នំពេញ ៖នៅថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩,៣០នាទីព្រឹក ដោយអនុវត្តតាមបទបញ្ជារបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌ លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងលោក ហែម វណ្ណា អធិការងខណ្ឌ ដឹកនាំកម្លាំងគណៈកម្មកការចម្រុះចុះត្រួតពិនិត្យជាក់ស្តែងទីតាំងអាជីវកម្មមួយកន្លែង របស់ជនជាតិចិន ដែលត្រៀមរៀបចំបើកហាងម៉ាស្សា ស្ទីម-សូណា និងបង្កប់សេវាផ្លូវភេទ ដែលមានយីហោ “ឡុងពាន អ៉ីឡុងវ័ន ងូតទឹក ” មានទីតាំង ផ្ទះលេខ ៧Eo ផ្លូវលេខ១៧២ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

ក្រោយចុះពិនិត្យជាក់ស្តែងឃើញថាទីតាំងខាងលើបានត្រៀមបើកប្រកបអាជីវកម្ម ម៉ាស្សា ស្ទីម-សូណា និងមាន បង្ហាញនូវផ្ទាំងរូបភាពអាសអាភាស ជាច្រេីនផ្ទាំងដែលធ្វើឱ្យប៉ះពាល់ដល់វប្បធ៌មជាតិ តម្លៃស្ត្រី និងគ្រួសារខ្មែរ រួមទាំងមានស្រោមអនាម័យ មិនទាន់ប្រើមួយចំនួនធំផងដែរ ។

គណៈកម្មការបានសំរេចដូចខាងក្រោម៖
១-ដកហូតរូបភាពអាសអាភាសទាំងអស់ ដែលបានដាក់តាំងបង្ហាញនៅលើជញ្ជាំង ។
២-ផ្អាកអាជីវកម្មនេះបណ្តោះអាសន្នរង់ចាំបំពេញបែបបទ និងច្បាប់អាជីវកម្មត្រឹមត្រូវទើបអនុញ្ញាតឲ្យប្រកបអាជីវកម្មវិញបាន ។
៣-មិនអនុញ្ញាអោយដាក់តាំងរូបភាពអាសអាភាស ឬខ្លឹមសារផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់សីលធម៌សង្គម ។
៤-ហាមដាច់ខាតធ្វើអាជីវកម្មបម្រើសេវាផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន ឬយកទីតាំងអាជីវកម្មប្រព្រឹត្តិបទល្មើសផ្សេងៗ ។

ក្រៅពីសំភារៈខាងលើ ក្រុមការងារពុំបានដកហូតសំភារៈ ផ្សេងៗ ដែលមិនពាក់ព័ន្ធឡើយ និង បានអោយម្ចាស់ទីតាំងផ្តិតមេដៃលើកំណត់ហេតុផងដែរ ។