ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្តកំពង់ស្ពឺ ខំប្រឹងប្រមូលផលប្រយោជន៌ តាមរបៀបពុករលួយតាម​តែអំពើ​ចិត្ត​

កំពង់ស្ពឺ ៖ប្រភពពីប្រជាពលរដ្ធនិងមន្ដ្រីគយមួយបានបង្ហើបឲ្យថា: នេះជា សកម្មភាព​របស់លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្តកំពង់ស្ពឺ ដែល​ខំប្រឹង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ត្រូវបាន​បញ្ជាក់ដែរថា ដោយមានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ផងដែរ​។ ប្រភព​ស្និទ្ធ​នឹង​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទេនោះ​គឺ​លោក ឈួន ហៃ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ឡើយ​។

ហេតុនេះហើយ​ទើប​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកំពង់ស្ពឺ អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ឈួន ហៃ មេ​គយ​ខេត្តកំពង់ស្ពឺ ខ្លះ​ផង​។​

​ថ្មីៗ​នេះ​តាម​ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តកំពង់ស្ពឺ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកំពង់ស្ពឺ ទើប​លោក ឈួន ហៃ ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​តក់ក្រហល់​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ព្រមទាំង​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ឈួន ហៃ មេ​គយ​ខេត្តកំពង់ស្ពឺ នោះទេ​។

ដូច្នេះហើយ​ទើប​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្តកំពង់ស្ពឺ និង​បក្ខពួក​មួយចំនួន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​រាលដាល រហូតដល់​បង្កើត​កុងត្រូលជជុះ​នៅមុខ​ស្នាក់ការ​សាខាគយ​ខេត្តកំពង់ស្ពឺ ដើម្បី​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ យ៉ាង​សុខ​ស្រួល​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឈួន ហៃ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកំពង់ស្ពឺ រួចមក​គឺ​លោក ឈួន ហៃ មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ក​ជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​មុខ​ស្នាក់ការ​សាខាគយ​ខេត្តកំពង់ស្ពឺ នោះទេ​។

ផ្ទុយទៅវិញ​កុងត្រូលជជុះ​នៅមុខ​ស្នាក់ការ​សាខាគយ​ខេត្តកំពង់ស្ពឺ ត្រូវបាន​បង្កើតឡើង​ដើម្បី​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ ហើយ​ទោះបី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ស្របច្បាប់​បង់ពន្ធ​ត្រឹមត្រូវ​ក៏​ចៀស​មិន​ផុតពី​បង់លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​គយ​ប្រចាំ​កុងត្រូលជជុះ​នោះទេ​។

បញ្ហា​នេះ​ជា​រឿង​ដែល​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​មើលរំលង​តទៅទៀត​ឡើយ ព្រោះ​កន្លងមក​លោក ឱម យ៉ិនទៀង ធ្លាប់​ប្ដេជ្ញា​យ៉ាងច្បាស់​លាស់​ក្នុងការ​លុបបំបាត់​អំពើពុករលួយ​នៅតាម​ដងផ្លូវ​ប្រកបដោយ​ប្រសិទ្ធភាព​។​