ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

វិស័យកសិកម្មកម្ពុជាបាន និងកំពុង​ដើរតួនាទីយ៉ាងសំខា​ន់ ក្នុងការជួយទ្រទ្រង់​កំណើនសេដ្ឋកិច្ច

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម MIKAMI Masahiro ដើម្បីសម្តែងការគួរសមបន្ទាប់ពីឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការអបអរសាទរជូនដល់ឯកឧត្តម MIKAMI Masahiro ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មីនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ហើយតាមរយ:ឯកឧត្តមឯកអគ្គរាជទូត លោកក៏បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនតាមរយ:គម្រោងអភិវឌ្ឍន៍លើគ្រប់វិស័យ ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សំខាន់ៗដូចជាស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដែលរចនាសម្ព័ន្ធទាំងអស់នោះគឺជាសរសៃឈាម រុញកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងបន្តរក្សាកំណើរនេះឲ្យមាននិរន្តរភាពនាពេលអនាគត។ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបន្តជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA លើការងារបណ្តុះបណ្តាល បច្ចេកទេស ការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ទីផ្សារកសិកម្ម និងថ្មីៗនេះបានជួយបង្កើតមជ្ឈមណ្ឌលពិសោធន៍គីមីនិងវេចខ្ចប់បន្លែសុវត្ថិភាព។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថា រាជរដ្ឋាភិបាលជប៉ុន តាមរយ:ឯកឧត្តមឯកអគ្គរាជទូតថ្មីនឹងបន្តគាំទ្រ និងជួយអភិវឌ្ឍប្រទេសកម្ពុជា។ជាពិសេសវិស័យកសិកម្មដោយផ្តោតជាសំខាន់លើការគាំទ្រដល់ការបង្កើនសមត្ថភាពសហគមន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ បច្ចេកវិទ្យានិងបច្ចេកទេសក្នុងការធ្វើកសិកម្មតាមបែបទំនើប លើកកម្ពស់ការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព និងស្តង់ដារ និងកៀរគរវិនិយោគិនពីប្រទេសជប៉ុនមកវិនិយោគ ដើម្បីអភិវឌ្ឍន៍វិស័យនេះប្រកបដោយចីរភាព និងនិរន្តរភាព។ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីនិងសហការីដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបរូបលោកនាថ្ងៃនេះ។ លោកពិតជារីករាយដែលមានឱកាសមកបំពេញបេសកកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍រីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច សង្គម និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ។ ទៀតសោត ចំពោះវិស័យកសិកម្មវិញ ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់បន្ថែមថាវិស័យកសិកម្មកម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងជាវិស័យដែលមានសក្តានុពលខ្ពស់សម្រាប់អនាគត តែក្នុងពេលបច្ចុប្បន្ននេះគឺកំពុងមានប្រឈមជាមួយនឹងបញ្ហាកង្វះខាតខាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ គឺនៅមានកម្រិត ហេតុដូច្នេះ ក្នុងអាណត្តិថ្មីនេះ លោកនឹងខិតខំបន្តសហការ និងគាំទ្រឲ្យអស់លទ្ធភាព និងជាពិសេសនឹងពិនិត្យពិចារណាលើគម្រោងថ្មីៗដែលអាចជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម ព្រមទាំងខិតខំកៀរគរវិនិយោគិនជប៉ុនមកសិក្សាពីឱកាសវិនិយោគលើវិស័យនេះដើម្បីបង្កើនភាពប្រកួតប្រជែងទីផ្សារ លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករ និងជារួមអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែរីកចម្រើនថែមទៀត។ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនថា រូបលោក និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងអស់បានត្រៀមលក្ខណៈជាស្រេច ហើយនឹងបន្តផ្តល់កិច្ចសហការឲ្យលទ្ធភាព។ លោកក៏បានជូនពរឲ្យឯកឧត្តមឯកអគ្គរាជទូតក្នុងឱកាសស្នាក់នៅបំពេញបេសកកម្មការងារការទូត ការងារមនុស្សធម៌ និងបច្ចេកទេស នៅព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបានជោគជ័យ សុខភាពល្អបវរប្រសើរ និងប្រកបដោយសុវត្ថិភាពខ្ពស់៕