ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ប្រមុខរដ្ឋាភិបាល​កម្ពុជាជួបពិភាក្សាការ​ងារ ជាមួយប្រធានា​ធិបតីប៊ុល​ហ្ការី

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសប៊ុលហ្ការី នៅថ្ងៃរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូបានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនជាមួយឯកឧត្តម រ៉ូមែន រ៉ាដេវ ប្រធានាធិបតីសាធារណរដ្ឋប៊ុលហ្ការី។នៅក្នុងជំនួបនេះ​ ឯកឧត្តមប្រធានាធិបតី បានលើកឡើងថា ឯកឧត្តមពិតជាមានកិត្តិយសនិងរីករាយជាទីបំផុតដែលបានស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសប៊ុលហ្គារី ដែលជាដំណើរទស្សនកិច្ចលើកទី៥។ ឯកឧត្តមប្រធានាធិបតី រ៉ូមែន រ៉ាដេវ បានគូសបញ្ជាក់ថា ប៊ុលហ្ការី វាយតម្លៃខ្ពស់ចំពោះវិភាគទានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់សន្តិភាព និងសន្តិសុខនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ជាពិសេសការទប់ស្កាត់នូវការប៉ុនប៉ងត្រឡប់មកវិញនៃរបបខ្មែរក្រហម។
ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ទៀតថា កម្ពុជា និងប៊ុលហ្ការី មានមិត្តភាពយូរអង្វែងមកហើយ ហើយប្រទេសទាំងពីរនឹងប្រារព្ធពិធីអបអរសាទរខួបខួប៦០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ។ ឯកឧត្តម​ប្រធានាធិបតី បានលើកឡើងថា ប្រទេសប៊ុលហ្ការី នៅតែជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យដែលប្រទេសទាំងពីរអាចធ្វើទៅបាន។ ឯកឧត្តមប្រធានាធិបតីបានមើលឃើញថា ទោះបីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្នមានត្រឹម ៦លានដុល្លារសហរដ្ឋអាមេរិក តែនៅសក្តានុពលលើការវិនិយោគ និងធ្វើពាជណិជ្ជកម្មជាច្រើនទៀត។ឯកឧត្តមបានបង្ហាញក្តីរំពឹងថា តាមរយៈកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់ដែលបានចុះហត្ថលេខានៅថ្ងៃនេះ នឹងជួយជំរុញដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ។​ ឯកឧត្តមប្រធានាធិបតី បានមើលឃើញថា តាមរយៈយន្តការសហភាពអឺរ៉ុបដែលប៊ុលហ្ការី ជាសមាជិក និងអាស៊ាន ដែលកម្ពុជា ជាសមាជិកនោះ នឹងជួយជំរុញកិច្ចសហការកម្ពុជា និងប៊ុលហ្ការីឱ្យកាន់តែល្អប្រសើរ។តាមរយៈសម្តេចតេជោ ហ៊ុន សែន, ឯកឧត្តមប្រធានាធិបតី បានទូលទូលថ្វាយនូវការសាកសួរសុខទុក្ខថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងបានទូលថ្វាយថ្លែងអំណរព្រះគុណព្រះអង្គសម្រាប់ការអញ្ជើញ​ ឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍រំលឹកថា សម្តេចបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប៊ុលហ្ការីជាលើកដំបូងពេលសម្តេចមានអាយុ ២៧ឆ្នាំក្នុងពេលធ្វើជារដ្ឋមន្ត្រីការបរទេស។ ឥឡូវ ៣៥ឆ្នាំក្រោយ សម្តេចបានបំពេញទស្សនកិច្ចជាថ្មីម្តងទៀត។​ សម្តេចតេជោ​ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅពេលនោះប្រទេសប៊ុលហ្ការី បានផ្តល់ការគាំទ្រដល់កម្ពុជាក្នុងគ្រាលំបាក ហើយពេលនោះប៊ុលហ្ការី បានផ្តល់អាហារូបករណ៍ និងបណ្តុះបណ្តាលនិស្សិតកម្ពុជាសរុបប្រមាណ ២០០នាក់។សម្តេចតេជោ បានរំលឹកថា​ នៅពេលនោះកម្ពុជា និងប៊ុលហ្ការីមានស្ថានទូតនៅប្រទេសទាំងពីរហើយបច្ចុប្បន្នប្រទេសទាំងពីរកំពុងពន្លឿនឱ្យមានស្ថានទូតរវាងប្រទេសទាំងពីរឡើងវិញ។​ ពាក់ព័ន្ធលើការវិនិយោគ និងពាណិជ្ជកម្មវិញ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានកិច្ចសហការកើនឡើងមួយកម្រិតទៀត លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនេះ។សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាប​ ឯកឧត្តមប្រធានាធិបតីពីការឯកភាពគ្នាក្នុងការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀង ដើម្បីការពារលើការវិនិយោគទាំងសងខាង​ជាពិសេសកម្ពុជាស្វាគមន៍អ្នកវិនិយោគរបស់ប៊ុលហ្ការី ទៅបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្តេចពិតជាចង់អោយទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានការកើនឡើងជាលំដាប់។ លើសពីនេះទៀត ចង់ឃើញអ្នកទេសចរមានការកើនឡើង ហើយប្រជាជននៃប្រទេសទាំងពីរជាដៃគូដ៏ល្អ និងរឹងមាំ ដោយសារមានទំនាក់ទំនងយូរលង់ណាស់មកហើយ។ មិនត្រឹមតែប៉ុណ្ណោះប្រទេសទាំងពីរមានវប្បធម៌ និងអរិយធម៌ចំណាស់ដូចគ្នា។ សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចមានការកោតសរសើរចំពោះការរីកចម្រើន និងសមិទ្ធផលជាច្រើនរបស់ប៊ុលហ្ការី នាពេលកន្លងទៅនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញក្តីសង្ឃឹមថា ប៊ុលហ្ការី នឹងសហការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០។