ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន និងគណប្រតិភូបានអញ្ជើញចូលរួម កិច្ចប្រជំុរដ្ធមន្ដ្រីកសិកម្មនិងព្រៃឈើអាស៊ាន-ឥណ្ឌា លើកទី៥

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន-ឥណ្ឌាលើកទី៥ នៅសណ្ឋាគារ THE EMPIRE នៃប្រទេសប្រ៊ុយណេ។
ប្រធានក្រុមការងារកសិកម្មនិងព្រៃឈើអាស៊ាន-ឥណ្ឌា បានរាយការណ៍និងផ្តល់នូវអនុសាសន៍ជូនអង្គប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន-ឥណ្ឌាលើកទី៥ នូវវឌ្ឍនភាពសកម្មភាពកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាកសិកម្មនិងព្រៃឈើ៖
1. កម្មវិធីសកម្មភាពទី១ៈ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងផ្នែកចំណីអាហារ កសិកម្ម និងព្រៃឈើក្នុងចំណុចគន្លឹះដែលអាចផ្តល់ប្រយោជន៍ទៅវិញទៅមក ដើម្បីពង្រឹងផលិតភាពនៃផលិតផលកសិកម្ម និងឆ្លើយតបទៅនឹងបញ្ហាសន្តិសុខស្បៀង ក៏ដូចជាលើកកម្ពស់រំហូរផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក
2. កម្មវិធីសកម្មភាពទី២ៈ ជំរុញបណ្តាញនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលមានសមត្ថកិច្ច ជាមួយនឹងអ្នកជំនាញកសិកម្មនិងចំណីអាហារ មន្ទីរពិសោធន៍ ស្ថាប័នគ្រឹះស្ថានសិក្សាដែលពាក់ព័ន្ធនិឹងចំណីអាហារនិងកសិកម្ម កសិករនិងសហគមន៍កសិកម្ម និងអ្នកជំនួញ អាស៊ាននិងឥណ្ឌា
3. កម្មវិធីសកម្មភាពទី៣ៈ ជំរុញការវិនិយោគ ការបង្កើនសមត្ថភាព ការចែករំលែកពត៌មាននិងបទពិសោធ និងការអនុវត្តល្អប្រសើរ ស្រាវជ្រាវនិងអភិវឌ្ឍន៍ បច្ចេកវិទ្យាកសិកម្ម ការគ្រប់គ្រងនិងនវានុវត្តន៍ក្នុងវិស័យចំណីអាហារ កសិកម្ម ជលផល និងព្រៃឈើ
4. កម្មវិធីសកម្មភាពទី៤ៈ អភិវឌ្ឍន៍ធនធានមនុស្សក្នុងអនុវិស័យចំណីអាហារ កសិកម្ម ជលផល និងព្រៃឈើ ដោយផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយអាស៊ាន សិក្សាពីការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ ការប្រើបច្ចេកទេសល្អប្រសើរ ការគ្រប់គ្រងនិងការអនុវត្តនៅកសិដ្ឋាន តាមរយៈការបណ្តុះបណ្តាលនិងផ្សព្វផ្សាយ
5. កម្មវិធីសកម្មភាពទី៥ៈ គាំទ្រនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តក្របខណ្ឌសន្តិសុខស្បៀងចម្រុះអាស៊ាន (AIFS) និងផែនការយុទ្ធសាស្រ្តសកម្មភាពសន្តិសុខស្បៀង ក្នុងតំបន់អាស៊ាន ២០១៥-២០២០ និង
6. កម្មវិធីសកម្មភាពទី៦ៈ ជំរុញការពង្រឹងភាពបន្សាំនៃប្រព័ន្ធធម្មជាតិ និងលើកកម្ពស់សមត្ថភាពដែលអាចទទួលបានរបស់សហគមន៍មនុស្សជាតិ ដើម្បីដោះស្រាយគ្រោះថ្នាក់ដល់បរិស្ថាន
ជាចុងបញ្ចប់ អង្គប្រជុំបានផ្តល់ការអនុម័តលើសកម្មភាពនៃកិច្ចសហប្រតិបត្តិការកសិកម្មនិងព្រៃឈើអាស៊ាន-ឥណ្ឌា។