កូនព្យុះមួយនឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជា ក្រសួងប្រាប់ឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រប្រុងប្រយ័ត្ន
តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៥ កក្កដា នេះ បានបញ្ជាក់ថា នៅវេលាម៉ោង៧ព្រឹកមិញនេះ មានសម្ពាធទាបសកម្មមួយស្ថិតក្នុងសមុទ្រចិន ខាងលិចប្រទេសហ្វីលីពីន ដោយវានឹងបង្កើនឥទ្ធិពលទៅជាវិសម្ពាធ TD ហើយធ្វើដំណើរឆ្ពោះមកទិសពាយ័ព្យ ហើយនៅវេលាម៉ោង៤ល្ងាចថ្ងៃដដែលនេះ វានឹងបង្កើនឥទ្ធិពលជាកូនព្យុះទី៦ ឈ្មោះ អ៊ីនហ្វា នៅលើសមុទ្រចិនខាងត្បូង។
យោងតាមការព្យាករ នៅថ្ងៃទី៧ ខែកក្កដា កូនព្យុះនេះ នឹងធ្វើដំណើរចូលទៅកោះហៃណាំប្រទេសចិន ហើយនៅថ្ងៃទី៨ កក្កដា កូនព្យុះនឹងថមថយឥទ្ធិពលរបស់ខ្លួនទៅជាវិសម្ពាធ TD រួចចូលទៅប្រទេសវៀតណាមខាងជើង។
ក្នុងនោះដែរ ជ្រលងនៃកូនព្យុះទី៦នេះ នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៥, ៦, ៧ និង ៨ ខែកក្កដា ដោយធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបជាប់ជុំវិញទន្លេសាប និងបឹងទន្លេសាប មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងមានខ្យល់កន្រ្តាក់ក្នុងកម្រិតបង្គួរ។
បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតាមដងទន្លេមេគង្គ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងមានខ្យល់កន្រ្តាក់ក្នុងកម្រិតបង្គួរ។
ដោយឡែកតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងមានខ្យល់កន្រ្តាក់ក្នុងកម្រិតបង្គួរ ជាមួយរលកសមុទ្រមានកម្ពស់ជាមធ្យម។
ដូច្នេះ ក្រសួងធនធានទឹក ស្នើដល់បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងរាល់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕