ព័ត៌មានជាតិ

មន្រ្តីសុខាភិបាលណែនាំ ៖ បើមានការចាំបាច់ទៅកន្លែងណាមួយ ត្រូវមិនឱ្យលើសពី១៥នាទីឡើយ

មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមាន ការចាំបាច់ទៅកន្លែងណាមួយ ត្រូវមិនឱ្យលើសពី១៥នាទីឡើយ ដើម្បីបង្ការនិងទប់ ស្កាត់ការចម្លងពពួកវីរុសប្រភេទបំប្លែងថ្មី ព្រោះវីរុសបំប្លែងថ្មីនេះ ងាយនឹងវាយ លុកចូលក្នុងសរីរាង្គកាយលឿនបំផុត។

លោកជំទាវវជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិ បាលមានប្រសាសន៍ថា បច្ចុប្បន្នស្ថានភាពកូវីដ១៩ ក្នុងប្រទេសកម្ពុជា មានការវិវឌ្ឍន៍គួរឱ្យព្រួយបារម្ភ ស្របពេលដែលវីរុសបំប្លែងថ្មីត្រូវបានរកឃើញជាបន្តបន្ទាប់។ ហេតុនេះ លោកជំទាវវេជ្ជ បណ្ឌិត បានអំពាវនាវសាជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋបន្ដអនុវត្តវិធានការនានាដែលបានដាក់ចេញនាពេលកន្លង មក ជាពិសេស ៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ការចម្លង ជំងឺកូវីដ១៩។

លោកជំទាវបន្តថា ដើម្បីឱ្យវិធានការ៣កុំ កាន់ តែមានប្រសិទ្ធភាពខ្ពស់ ក្នុងនោះប្រជាពលរដ្ឋមិនត្រូវទៅទីតាំងណាដែលបិទជិត ឬប្រមូលផ្ដុំនោះឡើយ ព្រោះទីតាំងទាំងនេះងាយនឹងឆ្លងជំងឺកូវីដ។ ប៉ុន្ដែក្នុងករណីទៅទីតាំងបិទជិត ឬប្រមូលផ្ដុំមនុស្ស មិនត្រូវនៅកន្លែងនោះលើសពី១៥នាទីនោះទេ ព្រោះលើសពី១៥នាទី ជាពេលវេលាមួយសម្រាប់ឱ្យវីរុសកូវីដ១៩ អាចវាយលុកចូលក្នុងសរីរាង្គបានលឿន។

« ខ្ញុំសុំលើកឧទាហរណ៍ថា ទីតាំង៣កុំហ្នឹងគឺកុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតដែលមានមនុស្សច្រើន។ហើយកន្លែងណាមានមនុស្សច្រើនគឺទីប្រជុំជន ផ្សារដែលមានមនុស្សគឺ ជាបញ្ហា អ៊ីចឹងឱ្យទៅទិញម្ហូបម៉េចកើត មិនមែនទៅមិនកើតទេ ប៉ុន្តែអ្វីដែលជាការសំខាន់ គឺការចាត់ចែងរៀបចំឡើងវិញ នូវរបៀបរបបនៃការដែលយើងទៅស្វែងរកទិញទំនិញនៅតាមទីផ្សារ។ ធ្វើយ៉ាងណាកុំឱ្យខ្លួនយើងនេះនៅក្នុងទីតាំងនោះលើសពី ១៥នាទី នេះជាចំណុចសំខាន់មួយ។ បើចង់ទិញអ្វីត្រូវគិតពីផ្ទះឱ្យហើយ ថាយើងចង់ទិញអីគេ អ៊ីចឹងទៅដល់ភ្លាម គឺយើងអនុវត្តនូវវិធានការ៣ការពារ មានអាកុល ពាក់ម៉ាសអីជាដើម ហើយមិនត្រូវនៅទី នោះលើសពី១៥នាទី ព្រោះកាលណាយើងទៅលើ ស ពី១៥នាទី គឺជាពេលវេលាមួយឱ្យវីរុសកូវីដ១៩វាយលុកចូលក្នុងខ្លួនយើងលឿនណាស់។ នេះគឺជាមធ្យោបាយមួយកាត់បន្ថយជាអតិបរមានូវហានិភ័យនៃការចម្លងវីរុសកូវីដ១៩»។

លោកជំទាវវេជ្ជបណ្ឌិត បន្តអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ១៩តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដើម្បីកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ ១៩ ជាពិសេស ពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមាននៅក្នុងប្រទេសកម្ពុជា។

បើតាម​លោកជំទាវវេជ្ជបណ្ឌិតថា បច្ចុប្បន្ននេះទម្រាំតែរកឃើញបុគ្គលណាម្នាក់វិជ្ជមានជំងឺកូវីដ១៩ គឺស្ថានភាពរបស់ពួកគាត់ធ្ងន់ធ្ងរបាត់ទៅហើយ ដោយសារវីរុសបំប្លែងខ្លួនថ្មីនេះ ហើយនៅពេលខាងមុខយើងមិនទាន់ដឹងថា វីរុសកូវីដ១៩ បំប្លែងខ្លួនថ្មីយ៉ាងណាទៀតនោះទេ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តន៍ វិធានការ ៣កុំនិង៣ការពារ ជាប់ជានិច្ច ព្រោះប្រសិនបើប្រជាពលរដ្ឋអនុវត្តន៍វិធានការនេះបានខ្ជាប់ខ្ជួននោះពលរដ្ឋខ្លួនឯង នឹងជៀសផុតពីការឆ្លងមេរោគកូវីដ-១៩ ដើម្បីឈានទៅកាត់ផ្តាច់ការចម្លងមេរោគដ៏កាចសាហាវមួយនេះ ពីសហគមន៍មូលដ្ឋានរបស់យើង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *