ព័ត៌មានជាតិ

សម្តេចតេជោអំពាវនាវដល់បងប្អូនពលករខ្មែរធ្វើការ​នៅ​ប្រទេស​ថៃ វិលត្រឡប់​មក​មាតុភូមិវិញ មុនពេលអាជ្ញាធរថៃ​បណ្តេញចេញ និង​ការប្រមាថ

ស្របពេលដែល​នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីការត្រៀមលក្ខណៈ​ក្នុង​កា​រសម្របសម្រួល​ដល់ពលករកម្ពុជាត្រឡប់មកពីប្រទេសថៃ នៅរសៀលថ្ងៃសៅរ៍នេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានធ្វើការ​អំពាវនាវ​ដល់បងប្អូន​ពលករខ្មែរ ដែលកំពុងស្ថិតនៅប្រទេសថៃ វិលត្រឡប់​មក​មាតុភូមិវិញ មុនពេលដែលអាជ្ញាធរ​ថៃ​ធ្វើការ​បណ្តេញចេញ និង​ការ​ប្រមាថ។

តាមរយៈ​បណ្តាញសង្គម សម្តេចតេជោបានសរសេរថា បងប្អូនខ្លះបានចោទសួរថាមានបងប្អូននៅថៃ៣០ឆ្នាំហើយចង់មករស់នៅមើលម្តាយដែលមានអាយុ៨០ឆ្នាំតែគាត់ពុំមានឯកសារ។ ខ្ញុំអាចឆ្លើយបានថា អ្នកណាក៏ដោយឲ្យតែជាខ្មែរទោះមាន ឬគ្មានឯកសាររាជរដ្ឋាភិបាលទទួលយកបានទាំងអស់ដោយគ្មានការរើសអើង។

“សូមបងប្អូនពលករវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញនិងការប្រមាថ” ខ្ញុំនិយាយបែបនេះព្រោះខ្ញុំយល់ច្បាស់ថា ជម្លោះព្រំដែនកម្ពុជា-ថៃនឹងអូសបន្លាយពេលយូរ ពិសេសនៅពេលកម្ពុជាដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៍អន្តរជាតិ ICJ ពេលនោះពួកជ្រុលនិយមថៃនិងយោធាថៃមួយចំនួន នឹងរករឿងធ្វើបាបបងប្អូន។ នេះជារឿងពិតដែលបាននិងកំពុងកើតឡើងនិងត្រូវតែកើតឡើងដោយមិនរួច។

សូមជំរាបជូនដែរថា នៅរសៀលថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ ដោយ​រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ ៖

– ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងថែទាំព្យាបាលសុខភាពបឋម ជូនបងប្អូននៅតំបន់ព្រំដែន។

– ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។

– ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមរាប់មុឺននាក់។

– ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួន។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏​បានធ្វើការអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន ។

ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហា ស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក គឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរយើង៕