ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះ​គាំទ្រនគរបាលការពារព្រំដែន នៅតំបន់មុំបី

ឯកឧត្តមនាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្ដល់ការគាំទ្រស្បៀងអាហារ សម្ភារៈ និងថវិកាដល់នគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងបំពេញតួនាទី និងភារកិច្ច ការពារដែនអធិបតេយ្យភាពជាតិជាមួយកងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត បាននាំសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ដែលបាននិងកំពុងអនុវត្តនូវបទបញ្ជាសហការការពារជាដាច់ខាត ដែនអធិបតេយ្យភាពជាតិ និងបានថ្លែងចាត់ទុកបេសកកម្មនគរបាលការពារព្រំដែន ជាពិសេសក្នុងកាលៈទេសៈរងការប៉ុនប៉ងឈ្លានពានពីកងទ័ពថៃនាពេលនេះ ជាការបញ្ជាក់នូវស្មារតីប្រកៀកស្មាយ៉ាងរឹងមាំ នៃកងកម្លាំងរបស់ជាតិ ដូចគ្នានឹងស្មារតីរួបរួមគាំទ្ររាជរដ្ឋាភិបាល របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។

ជាការកត់សម្គាល់ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត បានចែករំលែកព័ត៌មានសំខាន់ៗអំពីសភាពការណ៍នៅក្នុងប្រទេសថៃ ដែលពេលនេះ បាននិងកំពុងមានភាពរញ៉េរញ៉ៃ និងកំពុងព្យាយាមបង្វែរសភាពការណ៍ដ៏ស្មុគស្មាញនៅផ្ទៃក្នុងប្រទេសរបស់ខ្លួន មកបង្កើតជាព្រឹត្តិការណ៍នាំឱ្យមានការប្រឈមមុខដាក់គ្នាតាមខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជា។

ក្នុងស្ថានភាពប្រែប្រួលគ្រប់ពេលវេលារបស់ភាគីថៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត បានដាក់បទបញ្ជាផ្ទាល់ដល់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា និងត្រៀមលក្ខណៈឆ្លើយតបប្រកបដោយភាពម៉ឺងម៉ាត់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ៕