សង្គម

សមត្ថកិច្ចឆ្មក់បង្ក្រាបទី​តាំង​បង្កប់ល្បែង​ស៊ីសង​ខុស​ច្បាប់ក្បែរទីក្រុងកោះពេជ្រ​ ​ចាប់​ខ្លួន​មនុស្ស​ប្រុស​ស្រី​២០នាក់​

យ៉ាងហោចណាស់មានមនុស្ស​ប្រុសស្រីប្រមាណ​២០នាក់​ ត្រូវបានចាប់ខ្លួនក្នុងរង្វង់ប្រតិបត្តិការឆ្មក់ចុះ​បង្ក្រាបទី​តាំងល្បែង​ស៊ីសង​ខុស​ច្បាប់ ចំណុច​ជិត​ស្ពាន​ហង្ស​កោះ​ពេជ្រ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម៉ោង៨យប់ថ្ងៃទី១​​កក្កដា​ ឆ្នាំ​២០២៤។

យោងតាមការបញ្ជាក់របស់អាជ្ញាធរសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថា ទីតាំងខាងលើ មានបង្កប់ល្បែងស៊ីសងជាប្រភេទហ្គេមបាញ់ត្រី និងល្បែងផ្សេងៗទៀត​ ពោលគឺប្រៀបដូច​ជាកាស៊ីណូ​ទៅ​ហើយ​ ខណៈភ្ញៀវចូលទៅលេងកម្សាន្តភាគច្រើនសុទ្ធសឹងជាជនជាតិចិន។ ក្រោយទទួលបានព័ត៌មានខាងលើនេះ លោក គៀង ល័ក្ខ អភិបាលខណ្ឌចំការមន សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសង​ និងបាន​ឃាត់​មនុស្សប្រុសស្រីចំនួន​២០នាក់​ ក្នុង​នោះ​មាន​ស្រី​៧នាក់​ ប្រុស​១៣​នាក់ សុទ្ធតែ​ជាជនជាតិ​ចិន ​និង​ខ្មែរ​។

បច្ចុប្បន្ន ជនសង្ស័យទាំង២០នាក់ រួមជាមួយវត្ថុតាង ត្រូវកម្លាំងជំនាញបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសួរនាំបន្ត។