សង្គម

អ្នកនាំពាក្យ​អយ្យការខេត្តសៀមរាបថា ឧកញ៉ា ឡេង ចាន់ណា ត្រូវ​សមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបណ្តឹងចំនួន៣

អ្នកនាំពាក្យ​អយយការ​អមសាលាដំបូងខេត្តសៀមរាប បាន​ឱ្យដឹងកាលពីរសៀល​ថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២៤ថា សមត្ថកិច្ច​នគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត​សៀមរាប បាន​ឃាត់ខ្លួន​ឈ្មោះ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុន​ប្រ៊ីលានស៊ីធីវើលដ៍ ឯ.ក និងបក្ខពួក តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​របស់តំណាង​អយ្យការ​អមសាលា​ដំបូង​ខេត្ត​សៀមរាប។

ការឃាត់ខ្លួននេះ អ្នកនាំពាក្យបញ្ជាក់ថា គឺ​ផ្អែក​តាម​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែល​បានដាក់ពាក្យ​បណ្តឹង​មក​អយ្យការ​អមសាលា​ដំបូង​ខេត្ត​សៀមរាប ពាក់ព័ន្ធ​បទល្មើស ឆបោក រំលោភលើទំនុកចិត្ត និង​ចេញ​មូលប្បទាន​បត្រ​គ្មានសាច់ប្រាក់។

បើតាមអ្នកនាំពាក្យ​អយ្យការអមសាលា​ដំបូងខេត្តសៀមរាប ជនសង្ស័យ និង​បក្ខពួក នឹង​ត្រូវ​បញ្ជូន​​មក​អយ្យការ​អមសាលា​ដំបូង​ខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។

សូមជម្រាបជូនថា លោកស្រី ឡេង ចាន់ណា និងបក្ខពួកត្រូវបានប្រជាពលរដ្ឋចោទថា បានបោកលុយរាប់រយលានដុល្លារក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគបានការប្រាក់ខ្ពស់ តែទីបំផុតអ្នកខ្លះបានការស៊ីតែប៉ុន្មានខែ ក៏លែងបានរហូត។ ប្រជាពលរដ្ឋខ្ទង់ពាន់នាក់ បានចាញ់បោកលោកស្រីដោយខ្លះខ្ចីលុយពីធនាគារ ដើម្បីមកនិវិយោគជាមួយ ដែលរហូតពេលនេះត្រូវសងធនាគារវិញយ៉ាងលំបាក។​

ជុំវិញករណីឆបោកនេះ ប្រជាពលរដ្ឋរងគ្រោះបានធ្វើការតវ៉ាជាច្រើនខែមកហើយ នៅទំបំផុត កម្លាំងនគរបាលខេត្តសៀមរាប បានអនុវត្តដីការបស់តំណាងអយ្យការ ក៏សម្រេចធ្វើការឃាត់ខ្លួនលោកស្រី និងបក្ខពួកនៅពេលរសៀលនេះតែម្តង៕