ព័ត៌មានជាតិ

ក្រសួងធនធានទឹក ៖ អ្នកចាក់ថ្មចូលទន្លេនឹងត្រូវដាក់ពន្ធនាគារពីមួយ១ឆ្នាំដល់៥ឆ្នាំ

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ជនណាដែលចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ខ្សាច់លុប ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ។ ការចេញមុខមកព្រមានដូច្នេះរបស់ក្រសួងធនធានទឹក ធ្វើឡើងបន្ទាប់ពី មានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចាប់តាំងពីខែមករាដើមឆ្នាំមកម្ល៉េះ ប៉ុន្តែអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធអះអាងថា ទើបតែដឹងពីបញ្ហានេះ។

បើតាមសេចក្តីប្រកាសព័ត៌នមានដដែល សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើស ដែលមានបញ្ញត្តនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ មាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកចែងថា អ្នកដែលចាក់ដី ឬថ្មចូលលុបទន្លេ នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល ដល់១០លានរៀល និង/ឬដាក់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ។ គួរជម្រាបថា រដ្ឋបាល​ខេត្តកំពង់ចាមនៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤​ ទើបតែបាន​ចាត់វិធានការ​ចុះ​ទប់ស្កាត់​សកម្មភាព​ចាក់​ថ្មរំលោភ​ចូល​ផ្ទៃ​ទន្លេមេគង្គ ខណៈអាជ្ញាធរមូលដ្ឋានទើបានរកឃើញថា ការចាក់នោះធ្វើឡើងដោយខុសច្បាប់ចាប់តាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ ទីតាំងចាក់ថ្មចូលទន្លេនេះ ធ្វើឡើងនៅក្នុង ​ភូមិ​ព្រៃ​ទទឹង ឃុំ​ឫស្សីស្រុក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម។

រដ្ឋបាលខេត្ត បានដាក់ចេញវិធានការចំនួន៣រួមមាន៖ទី១.បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ។ ទី២.ត្រូវធ្វើការកាយនិងយកថ្ម ដែលបានចាក់រួចហើយនោះចេញវិញឱ្យអស់ ក្នុងរយៈពេលយ៉ាងយូរ៧០ថ្ងៃជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយសម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក និងទី៣.ភាគីម្ចាស់ដីត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្ដង នៅរៀងរាល់ចុងខែនីមួយៗ ហើយក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្ដាហ៍ម្ដង ឬតាមពេលវេលាជាក់ស្តែង។ រដ្ឋបាលខេត្តអះអាងបន្ថែមថា ជាវិធានការបន្ទាប់ខេត្តកំពុងសិក្សាតាមផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើសបន្ថែមទៀត។

នៅចំពោះមុខចំណាត់ការនេះ ក្រសួងធនធានទឹកបានថ្លែងកោតសរសើរ និងអរគុណដល់រដ្ឋបាលខេត្តកំពង់ចាម ដែលបានចាត់វិធានការបន្ទាន់ក្នុងការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ។ យ៉ាងណាមិញ មហាជនបានសម្តែងការហួសចិត្ត និងខកចិត្តជាខ្លាំងចំពោះអាជ្ញាធរមូលដ្ឋាន ដែលបណ្តោយឱ្យសកម្មភាពចាក់ថ្មចូលទន្លេ ធ្វើឡើងជិត២ខែ និងបានប្រវែងជាង១០០ម៉ែត្រទៅហើយ ប៉ុន្តែទើបបានដឹងនាពេលនេះ។ យ៉ាងណាក្រសួងធនធានទឹកអះអាងហើយថា នឹងបន្តតាមដានវិធានការកំណត់ ដែលដាក់ចេញដោយរដ្ឋបាលខេត្តចំពោះភាគីម្ចាស់ដី៕