សង្គម

ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ២ កំពុងប្រមូលលុយទាំងយប់ទាំងថ្ងៃពីរថយន្តដឹកលើសទម្ងន់

តាមប្រភពច្បាស់ការបានឱ្យដឹងថា ជញ្ជីងថ្លឹងរថយន្ត ទល់មុខវត្តឃ្លាំងមឿង តាមបណ្ដោយផ្លូវជាតិលេខ ២ ដែលគេដឹងថា ស្ថិតក្រោមការគ្រប់គ្រងរបស់លោកជា ហុង ពេលនេះកំពុងតែប្រមូលលុយពីរថយន្តដឹកលើសទម្ងន់ដាក់ក្នុងហោប៉ៅខ្លួនឯងទាំងយប់ទាំងថ្ងៃ ដោយ​មិន​ខ្វល់ពីផលវិបាកដែលរថយន្តដឹកលើសទម្ងន់ទាំងនោះធ្វើឱ្យខូចខាតផ្លូវនោះឡើយ។

បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន១៨ ដែលសុទ្ធសឹងតែមានរថយន្តដឹកថ្ម និងដឹកដែក ជាប្រភេទរថយន្តវេរអង ដោយ​ដឹកលើសទម្ងន់ចាប់ពី៧០តោន ទៅ៨០តោន បានធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ២ គឺមិនដែលបានចូលថ្លឹងនៅក្នុងស្ថាបនីយ៍ឡើយ ពោលគឺគ្រាន់តែមានអ្នករត់ចូលទៅបង់លុយ រួចដាក់ឡាននៅខាងក្រៅតែប៉ុណ្ណោះ។

ជាមួយគ្នានេះ បើតាមប្រភពថា មានក្រុមហ៊ុនធំៗពី ៤ទៅ៥ ក្រុមហ៊ុន បានបង់លុយដាក់ខែ ចាប់ពី ២០លាន ទៅ ៣០លាន​ទៅ​ឱ្យ​លោកប្រធានជញ្ជីង សម្រាប់ឡានដឹកដែក ឡានដឹកជី ឡានដឹកថ្មរបស់ពួកគេ ដែលសុទ្ធសឹងជាឡានលើសទម្ងន់។

ជាការកត់សម្គាល់ គេឃើញឡានដឹកឥវ៉ាន់ចាប់ហួយ ឡានដឹកជី ដែលដឹកទំនិញលើសទម្ងន់ តែងតែធ្វើដំណើរនៅពេលយប់ ដោយមិនបានចូលថ្លឹងពេលទៅដល់ស្ថានីយ៍ថ្លឹងផ្លូវជាតិលេខ២នោះឡើយ ព្រោះតែគេបានបង់គ្រប់ខែទាំងអស់ឲ្យទៅលោក ជា ហុង ដែលកំពុងដេកចាំតែប្រមូលលុយដាក់ក្នុងហោប៉ៅយ៉ាងរំភើយ ទាំងប្រធាននិងអនុប្រធាន។

ចំពោះករណីនេះ គេរំពឹងថា ឯកឧត្តម ប៉េង ពោធិ័នា រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូន គួរដុះក្អែល លោក ជា ហុង ម្តងហើយ កុំឱ្យគាត់គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ដោយមិនគិតពីផលប្រយោជន៍សាធារណៈនោះ ។

ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏គួរតែពិនិត្យមើលលោក ជា ហុង កំពុងតែប្រព្រឹត្តអំពើពុករលួយ ប្រែក្លាយជញ្ជីងថ្លឹងរថយន្ត ទៅជាជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ តាមរបៀបជិះសេះលែងដៃ៕