ឃាត់ខ្លួនជនជាតិចិន២នាក់ ករណីចែកចាយវ៉ាក់សាំងកូវីដ១៩ខុសច្បាប់
ជនជាតិចិនចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ នៅចំណុចមុខក្រុមហ៊ុន LYP Group ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ក្រោយពីពួកគេបានធ្វើសកម្មភាពចែកចាយ វ៉ាក់សាំងកូវីដ១៩ ប្រភេទ Sinovac ។
ជនជាតិចិនដែលឃាត់ខ្លួនត្រូវបានបញ្ជាក់ថា ទី១.ឈ្មោះ Li Changqing ភេទប្រុស អាយុ ៥៣ឆ្នាំ និងទី២.ឈ្មោះ Huang Zhongwer ភេទប្រុស អាយុ ៤២ឆ្នាំ ស្នាក់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង។ ពួកគេត្រូវចោទប្រកាន់ពាក់ព័ន្ធទៅនិងបទល្មើសចែកចាយឱសថខុសច្បាប់ ។
ក្រោយការឃាត់ខ្លួនជំនាញដកហូតបានរថយន្ត ០១គ្រឿង ម៉ាកព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ 2AW-4072 ថ្នាំវ៉ាក់សាំង Sinovac ចំនួន ៦៥ដប, ធុងស្នោរក្លាសេថ្នាំចំនួន ០១, ម្ជុល, សារ៊ាំងចំនួន ៤៥ដើម សំឡីអាល់កុលជូតដៃចំនួន ១១កញ្ចប់, ស្រោមដៃចំនួន ០៣គូរ និងទឹកអាល់កុលចំនួន ០៣ដប ។
ក្រោយការឃាត់ខ្លួន ជំនាញអាវុធហត្ថបានធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ៕