អគ្គនាយកគយ ៖ ឆ្នាំ២០២៣នេះ កម្ពុជាបាត់បង់ចំណូលពន្ធគយប្រមាណជិត៤០០លានដុល្លារ
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជាបាត់បង់ចំណូលពន្ធគយប្រមាណជិត៤០០លានដុល្លារ ដោយសារតែកត្ដាមួយចំនួន ក្នុងនោះចំណូលពន្ធគយដែលកម្ពុជាបាត់បង់ដោយការអនុវត្ដកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជាពហុភាគី និងទ្វេភាគី ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ” ឯកឧត្តមបណ្ឌិត គុណ ញឹម បានថ្លែងថា មានកត្ដាគន្លឹះមួយចំនួនដែលបានធ្វើឱ្យផ្លាស់ប្ដូររចនាសម្ព័ន្ធចំណូលសារពើពន្ធរបស់រដ្ឋ ទាក់ទងនឹងការអនុវត្ដកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(RCEP) ដែលកម្ពុជាជាភាគី កាន់តែទូលាយទៅ និងកាន់តែស៊ីជម្រៅកាន់តែជ្រៅ មានន័យថា អត្រាពន្ធគយអនុគ្រោះ ដែលយើងត្រូវផ្ដល់ជូនដល់ភាគីប្រទេសដែលព្រមព្រៀងពាណិជ្ជកម្មសេរីដែលគេនាំទំនិញចូលមកកម្ពុជាកាន់តែធ្លាក់ចុះ និងក្នុងអត្រាសូន្យ ពន្ធគយនាំចូលសូន្យ។
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា ក្នុងស្ថានភាពឆ្នាំ២០២៣នេះ ការប្រមូលចំណូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគឺសម្រេចមិនបានគ្រប់ផែនការនោះទេ តាមការប៉ាន់ស្មានជាបឋម និងការវាយតម្លៃ អាចបានក្នុងរង្វង់៨៣% នៃផែនការដែលបានកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានអះអាងថា ការប្រមូលចំណូលមិនបានគ្រប់ផែនការនេះ គឺមានកត្ដាជាច្រើនដែលចំណូលប្រមូលដោយគយមានការថមថយ និងធ្លាក់ចុះ ហើយបើនិយាយពីរចនាសម្ព័នចំណូលសារពើពន្ធ កម្ពុជាស្ថិតក្នុងស្ថានភាពផ្លូវត្រឡែនកែន ដែលមានការប្រែប្រួលចំណូលរបស់រដ្ឋ។ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលើកឡើងថា កន្លងមក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលបានច្រើន អាចចាត់ទុកថា ជាអង្គភាពមួយប្រមូលចំណូលសារពើពន្ធបានច្រើនជាងគេ ក្នុងចំណោមអង្គភាពដែលមានភារកិច្ចក្នុងការប្រមូលចំណូលពន្ធនេះ។ ប៉ុន្ដែចាប់ពីឆ្នាំ២០២០មក ការប្រមូលពន្ធបានធ្លាក់ចុះ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ ឆ្នាំ២០២១ ក៏នៅបន្ដជំងឺកូវីដ១៩ ខណៈឆ្នាំ២០២២ អគ្គនាយកដ្ឋានគយប្រមូលចំណូលបានលើសផែនការបន្ដិច ហើយក្នុងឆ្នាំ២០២៣នេះ ការប្រមូលពន្ធបានប្រមាណរង្វង់ ៨៣%។
តែជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានរំលេចនូវកត្ដាមួយចំនួនទៀតដូចជាការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម ផលិតកម្ម កម្មន្ដសាលរបស់ប្រទេសយើងទៅមុខកាន់តែច្រើន ហើយក៏កំពុងពង្រីកខឿនពាណិជ្ជកម្ម ខឿនឧស្សាហកម្ម ខឿនកម្មន្ដសាលរបស់យើង។ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានរម្លឹកផងដែរថា ជាលទ្ធផលកាលពី១០ឆ្នាំ ឬ១៥ឆ្នាំមុន កម្ពុជានាំចូលច្រើន ហើយការទទួលបានចំណូលក៏ច្រើនផងដែរ។ ប៉ុន្ដែ ឥឡូវនេះ ផលិតកម្មក្នុងស្រុកកាន់តែច្រើន ខឿនកម្មន្ដសាលនិងឧស្សាហកម្មរបស់យើងកាន់តែច្រើន ហើយអ្វីដែលយើងមើលឃើញមានលក្ខណៈស្រដៀងគ្នានោះ គឺក្នុងដំណាក់កាលដែលកម្ពុជាផលិតជំនួសការនាំចូល ដូចជាស្ថានភាពរបស់ប្រទេសអភិវឌ្ឍន៍មួយចំនួន រួមមានកូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ជប៉ុន ម៉ាឡេស៊ី ជាដើម៕