សង្គម

សិស្សសាលា៤នាក់លង់ទឹកស្ទឹងសង្កែស្លាប់ ខណៈ២នាក់ត្រូវបានជួយសង្រ្គោះ

ក្មេងសិស្សសាលាប្រុសស្រីចំនួន៤នាក់ ដែលមានអាយុចន្លោះពី១២ឆ្នាំដល់១៤ឆ្នាំ បានលង់ទឹកស្លាប់ និង២នាក់ទៀតត្រូវបានជួយសង្រ្គោះ ក្រោយពីពួកគេនាំគ្នាទៅលេងទឹកនៅដងស្ទឹងសង្កែ កាលពីវេលាម៉ោងប្រហែលជិត១១ព្រឹកថ្ងៃទី១៦ធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចខាងក្រោមទំនប់ពហុបំណង(សេកសក) ស្ថិតក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ ក្មេងសិស្សសាលារងគ្រោះទាំង០៦នាក់(ស្រី៥នាក់ប្រុសម្នាក់) បាននាំគ្នាចុះលេងទឹកនៅចំណុចកើតហេតុខាងលើ ក្នុងនោះមានម្នាក់នៅលើគោក មួយសន្ទុះក្រោយមកក្មេងដែលនៅលើគោកក្រោយឃើញមិត្តភក្តិរបស់ខ្លួនលង់ទឹក ក៏បានស្រែកឱ្យមីងរបស់ខ្លួនក្បែរនោះជួយស្រង់បានម្នាក់ រួចផុតជីវិត ក្រោយមកក៏ផ្អើលឆោរឡោដល់អាជ្ញាធរសមត្ថកិច្ចនាំគ្នាចុះរាវរហូតដល់ម៉ោងជាង៣រសៀល ទើបរកឃើញសពជាបន្តបន្ទាប់រហូតចំនួន០៣នាក់ និងក្រោយមកទៀតអាជ្ញាធរបានបន្តរកសពក្មេងស្រីម្នាក់ទៀតដែលបានបាត់ខ្លួន ហើយប្រហែលជា៣ម៉ោងក្រោយមកក៏បានរកឃើញសពក្មេងស្រីទី៤នោះតែម្ដង។ សរុបទាំងអស់សពក្មេងសិស្សសាលាទាំង៤ គឺស្រី០៣ ប្រុស០១។

សមត្ថកិច្ចបានឱ្យដឹងបន្តថា សិស្សសាលាទាំង៦នាក់ ជាសិស្សសាលានៅសាលាវិទ្យាល័យហ៊ុន សែន ត្រែង រស់នៅភូមិស្វាយ-ស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ក្រោយកើតហេតុ ក្មេងស្រីចំនួន០២នាក់ត្រូវបានសង្រ្គោះរស់រានមានជីវិត ចំណែកសពក្មេងប្រុសស្រីទាំង០៤នាក់ ត្រូវបានប្រគល់ឱ្យគ្រួសារសព យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕