សង្គម

បណ្តេញជនជាតិវៀតណាមជាង ២០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបណ្តេញជនជាតិវៀតណាមជាង ២០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងបទល្មើសអន្តោប្រវេសន៍ ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងប្រកាសរបស់ក្រសួងមហាផ្ទៃ។

ជនជាតិវៀតណាមទាំង ២៥៧នាក់ ក្នុងនោះមានស្រីចំនួន ៥៦នាក់ ត្រូវបានឃាត់ខ្លួនដោយអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅ សង្កាត់ស្វាយជ្រុំ ក្រុងអរិយ្សត្រ ខេត្តកណ្តាល នឹងត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការសម្របសម្រួលជាមួយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត និងប៉ុស្តិ៍កងទព័ការពារព្រំដែនអន្តរជាតិម៉ុកបាយ ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដើម្បីធ្វើការបណ្ដេញចេញទៅប្រទេសវៀតណាមវិញ។

ជនជាតិវៀតណាមខាងលើត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងបទល្មើសអន្តោប្រវេសន៍រួមមាន បទល្មើសធ្វើការងារខុសច្បាប់ដោយគ្មានប័ណ្ណការងារ ប្រើប្រាស់ទិដ្ឋាការខុសគោលបំណង (ប្រើទិដ្ឋាការទេសចរណ៍ មកធ្វើការងារ) និងឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសម្ពុជា។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គូសបញ្ជាក់ថា កន្លងមកប្រទេសកម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ដោយសារជនបរទេសតែងតែយកកម្ពុជា ជាទីតាំងប្រព្រឹត្តបទល្មើសដោយលួចលាក់ ធ្វើឲ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបទល្មេីសអន្តោប្រវេសន៍ និងឧក្រិដ្ឋកម្មឆ្លងដែននានា ឲ្យកាន់តែមានប្រសិទ្ធភាព៕