ព័ត៌មានជាតិ

អាមេរិក​ផ្ដល់​វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ចំនួន ជាង៣០ម៉ឺន​ដូសបន្ថែមទៀត​ដល់​កម្ពុជា​

កាលពីថ្ងៃទី​៦​ ខែធ្នូ​ រាជរដ្ឋាភិបាលកម្ពុជា​បានទទួល​ការគាំទ្រជាបន្តទៀតក្នុងកិច្ចខិតខំប្រឹងប្រែង​របស់ខ្លួនក្នុងការផ្ដល់ដូសជំរុញនៃវ៉ាក់សាំងកូវីដ-១៩ ដោយក្រសួងសុខាភិបាលបានទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ចំនួន ៣០២.៤០០ដូស ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ ជំនួយសប្បុរសនេះត្រូវបានផ្តល់ដោយរដ្ឋាភិបាល​សហរដ្ឋអាមេរិក​ តាមរយៈយន្តការ​កូវ៉ាក់ដែលជាយន្តការចែកចាយវ៉ាក់សាំង និងដឹកនាំដោយ​យូនីសេហ្វ។

នៅក្នុងពិធីប្រព្រឹត្តទៅនៅឃ្លាំងឱសថកណ្ដាល នាយិកា​បេសកកម្ម​របស់ USAID លោកស្រី Kerry Pelzman បានប្រគល់ជាផ្លូវការនូវវ៉ាក់សាំងជូនដល់​លោកជំទាវវេជ្ជបណ្ឌិត យ៉ក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានវត្តមានរបស់លោកវេជ្ជបណ្ឌិត អានៀរបាន​ ឆាតឺរជី នាយករងរយូនីសេហ្វ។ អំណោយនេះ​បញ្ជាក់អំពី​ព្រឹត្តិការណ៍សំខាន់មួយទៀត​នៅក្នុងភាពជាដៃគូជាបន្តបន្ទាប់​រវាង​សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា​ក្នុងការប្រយុទ្ធនឹង​ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការស្តារទ្បើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាតនេះមកលើប្រព័ន្ធសុខាភិបាលកម្ពុជា។

លោកស្រី Kerry Pelzman ​នាយិកា​បេសកកម្ម​របស់ USAID បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិក​គឺជាដៃគូដ៏សំខាន់ក្នុងការគាំទ្រការប្រយុទ្ធប្រឆាំង និងស្តារទ្បើងវិញថ្នាក់ជាតិរបស់កម្ពុជាទៅនឹងជំងឺរាតត្បាតកូវីដ។ ការបន្តកិច្ចគាំទ្ររបស់យើងដល់ការប្រយុទ្ធប្រឆាំង និងស្តារទ្បើងវិញពីជំងឺរាតត្បាតកូវីដនេះ គឺបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តគាំទ្រយូរអង្វែងដល់ប្រព័ន្ធសុខាភិបាល និងសុខមាលរបស់ប្រទេស និងប្រជាជនកម្ពុជា។”

ចាត់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម សហរដ្ឋអាមេរិក​គឺជាអ្នកគាំទ្រ​ឥតប្រែប្រួល​ដល់កម្មវិធីផ្ដល់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា។ រួមទាំងវ៉ាក់សាំងដែលបានផ្តល់នៅថ្ងៃនេះ សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងមកប្រទេសកម្ពុជាតាមរយៈយន្តការកូវ៉ាក់ចំនួនជាង ៣,៣ លានដូស។ លទ្ធកម្មវ៉ាក់សាំង និង​ការដឹកជញ្ជូនតាមរយៈ​យន្តការកូវ៉ាក់ គឺជាការងារដ៏សំខាន់​នៅក្នុងការធ្វើលទ្ធកម្ម និងការដឹកជញ្ជូនចែកចាយវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងពិភពលោក។

លោកវេជ្ជបណ្ឌិត អានៀរបាន​ ឆាតឺរជី នាយករងរយូនីសេហ្វ បានមានប្រសាសន៍ថា៖ “យូនីសេហ្វ​មានមោទនភាព​ក្នុងការចូលរួមក្នុងភាពជាដៃគូ​នេះ ដែលតាមរយៈ​ភាពជាដៃគូ មានកុមារ និងគ្រួសាររបស់ពួកគេជាច្រើនបាន​ទទួលផល​ប្រយោជន៍​ពីវ៉ាក់សាំង។ រួមជាមួយនឹង​ដៃគូនានា​ដូចជា​សហរដ្ឋអាមេរិក យើងនៅតែបន្តការប្ដេជ្ញាចិត្ត​គាំទ្ររាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុងការពង្រឹង​ការថែទាំសុខភាពបឋម​ប្រកបដោយ​សមធម៌​ ឆ្ពោះទៅរក​ការគ្របដណ្ដប់​ផ្នែកសុខាភិបាលជាសកល ដើម្បីអនាគតមួយដែលកាន់តែមានសុខភាពល្អ និងសុវត្ថិភាពសម្រាប់ប្រជាជនគ្រប់រូប​នៅកម្ពុជា។”

ប្រទេស​កម្ពុជាបានសម្រេចនូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់​នៅក្នុងយុទ្ធនាការផ្ដល់វ៉ាក់សាំង​របស់ខ្លួន​ក្រោម​ការដឹកនាំ​របស់រាជរដ្ឋាភិបាល ហើយកម្ពុជា​នៅតែជាប្រទេស​មួយ​ក្នុងចំណោម​ប្រទេសនានា ដែលមានអត្រា​ទទួលវ៉ាក់សាំងកូវីដ-១៩ ខ្ពស់បំផុត។ ជាង ៩៥ភាគរយ​នៃ​ប្រជាពលរដ្ឋ​របស់ប្រទេសនេះ ដែលមានអាយុ​លើសពីបីឆ្នាំ បានទទួលវ៉ាក់សាំងពេញលេញ។

ការគាំទ្ររបស់​សហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០២០មក ក៏បានជួយពង្រឹងប្រព័ន្ធសុខាភិបាលរបស់កម្ពុជាសម្រាប់បំពេញនូវតម្រូវការអនាគត ដូចជាតាមរយៈភាពជាដៃគូរវាង USAID និងយូនីសេហ្វ បានពង្រីកការផ្គត់ផ្គង់ប្រព័ន្ធអុកស៊ីហ្សែនសម្រាប់មណ្ឌលសុខភាព ដើម្បីធានាឲ្យមានអ៊ុកស៊ីហ្សែនសម្រាប់ការសង្គ្រោះជីវិត​អ្នកជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ លើសពីការងារកូវីដ-១៩ USAID បន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធថែទាំសុខភាព និងសេវានានា ដើម្បី លើកកម្ពស់សេវាថែទាំមាតា និងទារក សុខភាពកុមារ និងបន្តពូជ ប្រយុទ្ធនឹងជំងឺឆ្លង និងពង្រឹងគុណភាពនៃ សេវាថែទាំសុខភាពទូទៅ។ ការងារទាំងនេះរួមមានការគាំទ្រការពង្រឹងសមត្ថភាពសន្តិសុខសុខភាព ដើម្បី បង្ការ ត្រៀមខ្លួនទុកមុន និងឆ្លើយតបនឹងការគំរាមកំហែងនៃជំងឺឆ្លងនានានៅពេលអនាគត៕