រាជរដ្ឋាភិបាលសម្រេចបញ្ឈប់ការអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ឈប់ការអភិវឌ្ឍរោងចក្រថាមពលអគ្គិសនី ដែលដើរដោយធ្យូងថ្មចាប់ពីពេលនេះតទៅ។ សម្តេចថែមទាំងបានបញ្ជាឱ្យពិនិត្យមើលលើលទ្ធភាពសម្រាប់រោងចក្រផលិតអគ្គិសនីដោយធ្យូងថ្ម ដែលមានស្រាប់កំពុងដំណើរការ គួរបញ្ឈប់សកម្មភាពមុនកាលកំណត់ផងដែរ។
ក្នុងសន្ទរថា នៃពិធីបិទស្ទឹង-បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតីក៏បានប្រាប់ទុកជាមុនទៅកាន់វិនិយោគគិនដែលមានបំណងមកវិនិយោគរោងចក្រថាមពលធ្យូងថ្មនៅកម្ពុជាថា កម្ពុជាលែងទទួលការវិនិយោគមួយនេះតទៅហើយ។ «អ៊ីចឹងសុំប្រកាសឱ្យហើយ បើសិនពីណាមកចង់ធ្វើការវិនិយោគ ធ្វើរោងចក្រផលិតអគ្គិសនីដោយធ្យូងថ្មនៅកម្ពុជា កុំមកនាំតែខាតលុយជិះកប៉ាល់ហោះមកទេ»។
ជាមួយគ្នានេះ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ឈប់គម្រោងសាងសង់រោងចក្រអគ្គិសនីដំណើរការដោយធ្យូងថ្មតម្លៃ១៥០០លានដុល្លារអាម៉េរិក ដែលមានអានុភាព៧០០មេហ្គាវ៉ាត់ នៅក្នុងខេត្តកោះកុងនេះដែរ ដោយនឹងសាងសង់ជំនួសវិញនូវរោងចក្រថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវ ឬ LNG ជំនួសវិញ ដែលមានអនុភាពដល់៨០០មេហ្គាវ៉ាត់។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា។
ដើម្បីជំរុញការប្រើប្រាស់ថាមពលឡើងវិញ សម្តេចធិបតីក៏បានណែនាំ និងលើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី (EV) ដោយហេតុថា យានយន្តអគ្គិសនីធានានិរន្តភាពនៃការប្រើប្រាស់ និងកាត់បន្ថយចំណាយ ជាជាងការប្រើប្រាស់យានយន្តឥន្ធនៈ។ ទន្ទឹមនេះ សម្តេចបានជំរុញឱ្យក្រសួងពាក់ព័ន្ធវិនិយោគ និងអភិវឌ្ឍន៍បន្ថែមទៀត លើហេដ្ឋារចនាសម្ព័ន្ធរបស់យានយន្តអគ្គិសនី៕