មន្រ្តីសុខាភិបាលអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺ៧ភេទ ក្នុងកំឡុងពេលរដូវទឹកឡើង និងទឹកស្រក
មន្រ្តីជំនាញក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នពីបញ្ហាសុខភាព ខណៈជំងឺ៧ប្រភេទ អាចនឹងកើតមាននៅរដូវទឹកឡើងនិងពេលទឹកស្រក។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នចំពោះជំងឺ៧ប្រភេទ ដែលអាចនឹងកើតមាននៅក្នុងរដូវទឹកឡើង និងទឹកសម្រក។
ជំងឺ៧ប្រភេទដែលតែងតែកើតឡើងអំឡុងពេលរដូវទឹកឡើងនិងទឹកស្រកនោះ រួមមានជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនផ្តាសាយ គ្រុនក្តៅ ជំងឺឆ្លងពីចំណីអាហារ ជំងឺអាសន្នរោគ និងជំងឺលិបតូ ដែលឆ្លងពីទឹកនោមកណ្តុរ នឹងធ្វើឱ្យខូច តម្រងនោម ថ្លើម រលាកស្រោមខួរ និងវិបត្តិផ្លូវដង្ហើមជាដើម។
ដើម្បីការពារកុំឱ្យកើតមានជំងឺទាំងអស់នេះ ប្រជាពលរដ្ឋ ទាំងអស់ ត្រូវមានអនាម័យក្នុងការបរិភោគចំណីណាដែលចម្អិនឆ្អិនបានល្អ ផឹកទឹកដែលដាំពុះ សម្រាកក្នុងមុង និងការ ការពារកុំឱ្យសត្វល្អិតទិចឬខាំ ត្រូវសម្អាតខ្លួនប្រាណឱ្យបានស្អាត និងអនាម័យជុំវិញផ្ទះជាដើម។
«នៅពេលដែលយើងចាំបាច់ប្រើប្រាស់ទឹកនៅតំបន់ដែលកំពុងលិចលង់គួរតែទៅមណ្ឌលសុខភាព ដើម្បីសុំថ្នាំខូលរ៉ាមីន ដើម្បីដាក់ចូលទឹកឱ្យសម្លាប់មេរោគ រួចគួរយកទឹកនោះមកដាំឱ្យពុះ ដើម្បីប្រាកដថា ទឹកទាំងអស់នៅសុវត្ថិភាពអាចយកមកហូបបាន កុំឱ្យនៅពេលហូបទៅបង្កទៅជាជំងឺរាគឬក៏អាចបង្ក ឱ្យកើតទៅ ជាជំងឺអាសន្នរោគ ជំងឺគ្រុនពោះវៀន ហើយជាពិសេសនៅទីកន្លែងដែលមានទឹកលិច តែងតែមាន ជំងឺលិបតូ ឆ្លងពីទឹកនោមកណ្តុរ ដែលអាចឆ្លងចូលតាមស្បែក នៅពេលដែលយើងមានរបួសនៅពេលដែល យើងចុះទឹក កើតជាលឿងស្បែក ហើយបើករណីធ្ងន់ធ្ងរអាចបង្កឱ្យឈឺតម្រងនោម ថ្លើមថែមទៀត។ ដូច្នេះ យើងត្រូវប្រុងប្រយ័ត្ន បើមិនចាំបាច់ មិនួគួរឆ្លងកាត់ទឹកដែលកំពុងលិចលង់នោះទេ គួរតែស្នាក់នៅទីទួលសុវត្ថិភាព ដែលរៀបចំដោយ អាជ្ញាធរមូលដ្ឋាន។»
លោកវេជ្ជបណ្ឌិត ក៏បានស្នើឱ្យប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព ក៏ត្រូវតែបង្កើនការថែទាំសុខភាព ដោយសារតែនៅទីនោះ អាចនឹងមានមនុស្សច្រើន ឬក៏មានបុគ្គលណាមួយដែលកើតជំងឺកូវីដ ដូច្នេះត្រូវពាក់ម៉ាស់ និងឧស្សាហ៍លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូឬទឹកស្អាត ហើយក្នុងករណី ដែលប្រជាពលរដ្ឋមានបញ្ហាសុខភាព ណាមួយកើតឡើង សូមប្រញាប់ទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីព្យាបាលបានទាន់ពេលវេលា៕