ព័ត៌មានជាតិ

សមាគមចិញ្ចឹមត្រីនៅ​កម្ពុជាថ្កោលទោស​លោក ខាន់ សុវណ្ណ ពាក់ព័ន្ធនឹង​សម្តីដែលថា ប្រជាពលរដ្ឋ​ខ្មែរ​មិន​ចេះ​ចិញ្ចឹមត្រី

តាម​រយៈ​សេចក្តីថ្លែង​ការណ៍​មួយ​ចេញផ្សាយ​នៅថ្ងៃនេះ សមាគម​វារីវប្បករ​នៅ​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះសម្តីរបស់លោក ខាន់ សុវណ្ណ ដែលជាអ្នក​លេង​បណ្តាញ​សង្គម ក្រោយ​គាត់បាននិយាយថា «ប្រជាពលរដ្ឋ​ខ្មែរ​មិន​ចេះ​ចិញ្ចឹម​ត្រី» និង «ខ្លាច​ស្រុកខ្មែរ​អស់ត្រីស៊ី បើ​មិន​មាន​អ្នក​ចិញ្ចឹមត្រី​ក្នុង​បែរ​នៅ​ក្នុង​ទន្លេ​ទាំងនោះ»។

សមាគម​បាន​បញ្ជាក់ថា ការ​ស្រែក​និយាយ​ដោយ​កំហឹង​ អុសរស និង​បញ្ចេញ​ចរិតច្រឡោងខាម​របស់​លោក ខាន់ សុវណ្ណ នេះ បានធ្វើ​ឲ្យ​ប៉ះពាល់យ៉ាង​ខ្លាំង​ដល់អារម្មណ៍ជនរួមជាតិ​ខ្មែរ ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ដែលបាន​និង​កំពុង​ខិតខំ​អភិវឌ្ឍន៍​វារីវប្បកម្ម ហើយថា តាមពិត​ជាក់ស្តែង ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​ចិញ្ចឹម​ត្រី​យូរ​យារ​ណាស់​មក​ហើយ។

ក្នុងនោះ​សមាគម​ក៏​បានថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ភាសា និង​សម្តីបែប​ប្រមាថ​មើលងាយ​ដល់ជាតិសាសន៍​ខ្មែរ ជា​សម្តីរើសអើង ជាការ​និយាយ​អត់មាន​មូលដ្ឋាន​ច្បាស់លាស់ អត់មានការទទួលខុសត្រូវ មិន​មាន​ព័ត៌មាន​ឲ្យ​គ្រប់ជ្រុងជ្រោយ និង​មាន​ចរិត​គួរ​ឲ្យ​ខ្ពើម​រអើម​បំផុត។

ជាមួយ​គ្នា​នេះ សមាគម​វារីវប្បករ​នៅ​កម្ពុជា ក៏​បានអំពាវនាវ​ដល់ស្ថាប័ន​មាន​សមត្ថកិច្ច មេត្តាចាត់វិធានការណ៍​ជាមួយ​សម្តីបែបអគតិ និង​ចរិត​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើមនេះ ហើយ​ទាមទារឲ្យ​លោក ខាន់ សុវណ្ណ ចេញ​មុខ​មក​បំភ្លឺ និង​សុំទោស​ជា​សាធារណៈ ដោយ​មិន​លើក​លែង​ឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *