ព័ត៌មានជាតិ

ធនាគារជាតិ ដាក់ឱ្យដំណើរការប្រព័ន្ធខេមបូឌានស៊ែស្វីច ដែលអ្នកប្រើប្រាស់អាចទូទាត់ឆ្លងគ្រឹះស្ថានតាមប័ណ្ណ លើគ្រប់ម៉ាស៊ីន ATM/POS

ភ្នំពេញ – ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៤ខែកក្កដា ឆ្នាំ ២០២៣នេះ បានដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ដើម្បីជាមធ្យោបាយងាយស្រួលសម្រាប់ អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានតាមប័ណ្ណ តាមកាតឥណពន្ធ CSS លើគ្រប់ម៉ាស៊ីន ATM/POS របស់គ្រឹះស្ថានសមាជិក និងជា Local Switch សម្រាប់ប្រទេសកម្ពុជា ដើម្បីធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ផងដែរ។

លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ខណៈស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីត-១៩ ក៍មានភាពធូរស្រាលបានធ្វើឱ្យសេដ្ឋកិច្ចទូទាំងពិភពលោករួម ទាំងប្រទេសកម្ពុជា ចាប់ផ្តើមងើបឡើងវិញ។ ដើម្បីទ្រទ្រង់ដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ និងការរីកចម្រើនទៅមុខ ការអភិវឌ្ឍប្រព័ន្ធទូទាត់ជាការងារអាទិភាពសំខាន់សម្រាប់ធនាគារជាតិនៃកម្ពុជា ក្នុងការផ្តល់មធ្យោបាយទូទាត់ប្រកបដោយនវានុវត្តន៍ មានភាពរឹងមាំ សុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីសម្រួលការទូទាត់ពាណិជ្ជកម្មទាំងក្នុងប្រ ទេស និងក្នុងតំបន់។

លោកស្រីបញ្ជាក់ថា ដោយមើលឃើញពីសារៈសំខាន់នៃប្រព័ន្ធទូទាត់សងប្រាក់ និងការចាប់យកការប្រើប្រាស់ សេវាឌីជីថលយ៉ាងឆាប់រហ័សពីសំណាក់ប្រជាជនកម្ពុជា ធនាគារជាតិនៃកម្ពុជា បានបន្តអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់ទៅតាមដំណាក់កាលនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយសុវត្ថិភាព ប្រសិទ្ធភាព និងមានភាពប្រទាក់ក្រឡា។

លោកស្រី ជា សិរី បានបន្តថា ការអភិវឌ្ឍប្រព័ន្ធ CSS ជាគំនិតផ្តួចផ្តើមថ្មីមួយទៀតរបស់ ធនាគារជាតិនៃកម្ពុជាក្នុងការសម្រួលប្រតិបត្តិការទូទាត់សងប្រាក់តាមរយៈប័ណ្ណទូទាត់នៅប្រទេសកម្ពុជា ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការតាមប័ណ្ណទូទាត់ឥណពន្ធ CSS លើម៉ាស៊ីន ATM ដូចជា ការដកសាច់ប្រាក់ ការពិនិត្យសមតុល្យ ការបោះពុម្ពរបាយការណ៍សង្ខេប ការប្រើប្រាស់សេវាទូទាត់ រហ័ស និងការប្ដូរលេខសម្ងាត់។

ទន្ទឹមនេះ អតិថិជនក៏អាចធ្វើប្រតិបត្តិការតាមប័ណ្ណទូទាត់ឥណពន្ធ CSS លើម៉ាស៊ីន POS ដូចជា ការទិញទំនិញ ការពិនិត្យសមតុល្យ ការដកសាច់ប្រាក់ ការបញ្ជូនមូលនិធិ ត្រឡប់មកវិញ (Refund) និង Purchase reversal។

លោក ចរ សុភាព ប្រធានគណៈកម្មាធិការទូទាត់ នៃសមាគមធនាគារនៅកម្ពុជា បានថ្លែងថា ការដាក់ឲ្យដំណើរការប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) នេះ បានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦- ២០២៥ នឹងបានចូលរួមលើកកម្ពស់ការទូទាត់តាមរយៈប្រព័ន្ធឌីជីថល និងកាត់បន្ថយការ ប្រើប្រាស់សាច់ប្រាក់ ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ និងដើម្បី ជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និង បរិយាបន្ន។

បន្ថែមពីនេះ លោកបន្តថា ប្រព័ន្ធ CSS ក៏បានចូលរួមចំណែកទប់ស្កាត់នូវការកើតឡើងជាយថាហេតុ ដូចជា ការទទួលបាននូវសាច់ប្រាក់ក្លែងក្លាយ រហែក ប្រឡាក់ និងក្រដាសប្រាក់ ដែលមានបញ្ហាផ្សេងៗ ជាច្រើនទៀត។

លោកបន្ថែមថា ប្រព័ន្ធ CSS ក៏នឹងជួយឱ្យអ្នកប្រើប្រាស់ចំណេញពេលវេលា មានទំនុកចិត្ត និងមានសុវត្ថិភាព ដោយអតិថិជនទាំងអស់អាចធ្វើការទូទាត់ ទំនិញតាមរយៈម៉ាស៊ីនឆូតកាត (POS) ការដកសាច់ប្រាក់ពីម៉ាស៊ីនអេធីអឹម (ATM) បាន ពីគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុឯកជន មានទាំងធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលជា សមាជិកចូលរួមទាំងអស់នៅទូទាំងប្រទេស។

សូម​បញ្ជាក់ថា បច្ចុប្បន្នគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់ CSS មានសរុបចំនួន ៥៦គ្រឹះស្ថាន ក្នុងនោះសមាជិកផ្ទាល់ជា ធនាគារពាណិជ្ជចំនួន៤៨ គ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន៥ និងសមាជិកមិន ផ្ទាល់ជាធនាគារពាណិជ្ជមានចំនួន៣៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *