ព័ត៌មានជាតិ

ក្រុមហ៊ុននាំចូលរថយន្តទំនើបចំនួន៣ប្រកាសដកខ្លួនពីកម្ពុជា

គិត​ក្នុង​រយៈពេល៤ខែចុងក្រោយនេះ មាន​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ទំនើបៗ​ចំនួន​៣ហើយ ​បាន​ប្រកាស​​ដក​ខ្លួន​ចេញ​ពីទីផ្សារ​ប្រទេស​កម្ពុជា ហើយ​ក្រុមហ៊ុនចុងក្រោយនេះ គឺក្រុមហ៊ុន នាំចូលរថយន្ត Porsche ដែល​គ្មានលទ្ធភាពបន្ត​ការ​រកស៊ី​នៅ​កម្ពុជា​ទៀតបាន ។

ក្នុង​សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Precision Car Cambodia ចេញផ្សាយកាលពីថ្ងៃទី៣១មីនាបញ្ជាក់ថា ខ្លួននឹងបញ្ចប់ការទទួលសិទ្ធិនាំចូល ចែកចាយ និងដាក់លក់ជាផ្លូវការនូវគ្រប់ប្រភេទរថយន្ត Porsche នៅលើទីផ្សារកម្ពុជា ចាប់ពីថ្ងៃទី៣១មីនា ២០២៣តទៅ។ ដោយក្នុងនោះ ក្រុមហ៊ុន HGB Group នឹងបន្តជាអ្នកផ្តល់សេវាកម្មផ្នែកជួសជុល ថែទាំ និងផ្តល់ការធានារថយន្ត Porsche នៅកម្ពុជា ពីថ្ងៃទី១មេសាតទៅ។

គួរជម្រាបថា ក្រុមហ៊ុននាំចូលរថយន្តប្រណីតចំនួន៣ ដែលបានប្រកាសបិទទ្វារ ដើរចេញពីទីផ្សារកម្ពុជា រួមមានក្រុមហ៊ុន Automotive Asia Cambodia Limited ដែលនាំចូលផ្តាច់មុខ រថយន្តអាល្លឺម៉ង់ម៉ាក Audi បានប្រកាសបិទទ្វារកាលពីខែធ្នូចុង ឆ្នាំ២០២២ ហើយក្រុមហ៊ុន Star Auto Cambodia ដែលនាំចូលរថយន្តម៉ាក Mercedes-Benz បានប្រកាសដើរចេញកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ការដែលក្រុមហ៊ុនទាំងនេះបិទទ្វារជាបន្តបន្ទាប់បែបនេះ គឺដោយសារតែពុំអាចមានលទ្ធភាពប្រកួតប្រជែងក្នុងទីផ្សារប្រទេសកម្ពុជាបាន។ ទោះយ៉ាងណា សហព័ន្ធឧស្សាហកម្មយានយន្តអះអាងថា ក្នុងនាមជាតំណាងក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយក្នុងប្រទេសកម្ពុជា បាននឹងកំពុងស្វែងរកដំណោះស្រាយជាមួយក្រសួងសាម៉ី។ ប៉ុន្តែមកទល់នឹងពេលនេះសហព័ន្ធគូសបញ្ជាក់ថា នៅពុំទាន់មានដំណោះស្រាយសមស្របណាមួយជូនដល់សមាជិកខ្លួន ដែលកំពុងជួបប្រទះនឹងបញ្ហាដូចគ្នានេះនៅឡើយទេ ហើយដែលនឹងអាចឈានដល់ការបិទក្រុមហ៊ុនជាបន្តបន្ទាប់នាពេលខាងមុខផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *