រដ្ឋបាលក្រុងបាងកក ណែនាំឱ្យប្រជាជនជៀសវាងចេញក្រៅផ្ទះដោយសារបញ្ហាកម្រិតខ្យល់ពុល
កម្រិតគុណភាពខ្យល់នៅក្នុងប្រទេសថៃ បានឈានដល់កម្រិតទាប និងអាចប៉ះពាល់ដល់សុខភាពហើយ ខណៈប្រជាជននៅក្នុងរបាងកក ព្រមទាំងបណ្តាខេត្តមួយចំនួនដែលមានទីតាំងនៅក្បែរទីក្រុងបាងកក ត្រូវបានណែនាំឱ្យជៀសវាង ឬកាត់បន្ថយសកម្មភាពនៅខាងក្រៅនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ចុងសប្តាហ៍៍។ នេះបើតាមរដ្ឋបាលទីក្រុងបាងកកបានចេញសេចក្តីណែនាំនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករានេះ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញដោយផ្នែកបរិស្ថាននៃរដ្ឋបាលក្រុងបាងកកបានឱ្យដឹងថា កម្រិតជាតិពុលក្នុងខ្យល់នឹងឈានដល់កម្រិតប៉ះពាល់ ពោលគឺក្នុងកម្រិត PM២.៥ នៅថ្ងៃចុងសប្តាហ៍នេះ។ រដ្ឋបាលក្រុងក៏បានណែនាំថា ប្រសិនបើពលរដ្ឋមានធុរៈចាំបាច់ជាមួយការបំពេញសកម្មភាពការងារប្រចាំថ្ងៃនៅខាងក្រៅ សូមមេត្តាពាក់ម៉ាស់ជាចាំបាច់ដើម្បីការពារផលប៉ះពាល់ដែលអាចកើតមាន។ មិនត្រឹមតែប៉ុណ្ណោះ ស្ថានភាពនេះក៏នឹងអាចកើតមានឡើងជាថ្មីនៅថ្ងៃទី៣១ ខែមករា និងថ្ងៃទី០១ ខែកុម្ភៈនេះ ដោយសារលក្ខខណ្ឌអាកាសធាតុនៅទ្រឹងគ្មានការប្រែប្រួល។
PM2.5 គឺជាទម្រង់មួយនៃការបំពុលបរិយាកាសដ៏សាហាវបំផុត ពោលគឺបរិយាកាសពោរពេញទៅដោយភាគល្អិតតូចៗដែលមានអង្កត់ផ្ចិតតិចជាង ២.៥មីក្រូម៉ែត្រ ឬមានទំហំប្រហែល ៣ភាគរយនៃអង្កត់ផ្ចិតនៃសក់មនុស្ស។ កម្រិតទំហំភាគល្អិតប៉ុណ្ណេះមានន័យថា វាអាចជ្រាបចូលជ្រៅទៅក្នុងសួត ដែលពួកវាស្ថិតនៅរយៈពេលយូរ ឬចូលទៅក្នុងចរន្តឈាមដោយមិនបានចម្រោះ ខណៈការប៉ះពាល់រយៈពេលយូរទៅនឹងភាគល្អិតទាំងនេះអាចបណ្តាលឱ្យមានកើតមាននូវជំងឺសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើម ឬប្រឈមនឹងជំងឺមហារីកជាដើម។
បើតាមមន្រ្តីជំនាញផ្នែកបរិស្ថាននៅក្នុងប្រទេសថៃបានបញ្ជាក់ថា ស្ថានភាពខ្យល់ពុលអាក្រក់នេះនឹងអាចអូសបន្លាយពេលរហូតដល់ខែមេសាឯណោះ ខណៈដែលស្ថានភាពខ្យល់អាចនឹងធ្លាក់ចុះក្នុងកម្រិតមិនល្អដល់ក្រោម PM២.៥ទៅទៀត នឹងខែដែលអាចមានស្ថានភាពខ្យល់ពុលធ្ងន់ធ្ងរបំំផុតនោះគឺនៅក្នុងខែកុម្ភៈខាងមុខនេះ។ បើផ្អែកតាមការស្ទង់មតិដោយក្រសួងសុខាភិបាលថៃ បានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៅទូទាំងប្រទេសនៃអ្នកជំងឺដែលមានបញ្ហាផ្លូវដង្ហើម ជំងឺស្បែក និងរលាកភ្នែក ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ៕