ព័ត៌មានជាតិ

អភិបាលខេត្តកំពត ៖ មន្ត្រី​ដែល​មិនអាច​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​បាន ​ត្រូវដាក់​ពាក្យ​លាលែង​ពី​ការងារ​

មន្ត្រី​ជា​ថ្នាក់ដឹកនាំ​ណា​ម្នាក់​ដែល​មិនអាច​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​បាន​ត្រូវដាក់​ពាក្យ​លាលែង​ពី​ការងារ​ជាបន្ទាន់​។ នេះ​ជាការ​ក្រើនរំលឹក​របស់​អភិបាល​ខេត្តកំពត​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលស្រុក​បន្ទាយមាស​។​

​ក្នុង​ពិធី​ដែល​បាន​រៀបចំឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២២ នៅ​បរិវេណ​សាលាស្រុក​បន្ទាយមាស លោក​ម៉ៅ ធនិន អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​ថ្នាក់ដឹកនាំ​ជុំវិញ​ខេត្ត​ត្រូវ​ប្រើប្រាស់​អំណាច និង​តួនាទី​របស់ខ្លួន​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គម​។ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​មិនត្រូវ​យក​តួនាទី​ដែល​បាន​ពី​រាស្ត្រ​តាមរយៈ​រាជរដ្ឋាភិបាល​ទៅធ្វើ​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ឈឺចាប់​ឡើយ​។ ម្យ៉ាងទៀត មន្ត្រី​ចាប់ពី​ស្មៀនឃុំ​សង្កាត់ នាយប៉ុស្តិ៍​រដ្ឋបាល​ឡើងទៅ ប្រសិនបើ​ដឹងថា​មិនអាច​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​បាន​ទេនោះ​ត្រូវដាក់​ពាក្យសុំ​លាឈប់​ពី​ការងារ​ជាបន្ទាន់​។ លោក​អភិបាលខេត្ត​បាន​បន្តថា​ក្នុងនាម​រដ្ឋបាលខេត្ត លោក​មិន​បណ្តែតបណ្តោយ​ឲ្យ​មន្ត្រី​ណា​ម្នាក់​យក​តួនាទី និង​អំណាច​ធ្វើ​អាជីវកម្ម ឬ​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​ដាច់ខាត​។ ផ្ទុយទៅវិញ មន្ត្រី​ជា​ថ្នាក់ដឹកនាំ​ត្រូវ​ប្រែ​ក្លាយខ្លួនជា​អ្នក​ជួយសង្គ្រោះ​រាស្ត្រ ដោយ​មើល​គំរូ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​លោក​បាន​លះបង់​គ្រប់យ៉ាង​ដើម្បី​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ទាំងមូល​។ ម្ល៉ោះហើយ បើ​ថ្នាក់ដឹកនាំ​ណា​ម្នាក់​បានដឹងខ្លួន​ថា​ធ្លាប់មាន​ឥរិយាបថ ឬ​ប្រព្រឹត្ត​មិន​សមរម្យ​កន្លងមក​សូម​កែប្រែ​ជាបន្ទាន់​។​

​សូមបញ្ជាក់ថា​ពិធី​នេះ​ត្រូវ​បានប្រកាស​តែងតាំង​លោក​នូ ច័ន្ទ​ដា ប្រធាន​អង្គភាព​ច្រកចេញចូល​តែមួយ​នៃ​រដ្ឋបាល​ខេត្តកំពត​ជា​អភិបាលស្រុក​បន្ទាយមាស​ជំនួស​លោក​ស៊ីវ ផេង​ដែល​បានទទួល​តំណែង​ជា​អភិបាលរង​ខេត្តកំពត​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *