ចាប់ខ្លួនបុរសម្នាក់ ក្រោយដឹកដំនិញគេចពន្ធ រួចបើករថយន្តបំបុកបារាសនិងកៀររថយន្តសមត្ថកិច្ច
(ក្រចេះ) ៖ បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនដោយសារដឹកទំនិញគេចពន្ធ និងបើកបរបំបុករថយន្ត សមត្ថកិច្ចព្រមទាំងបុកបារាសថែមទៀតផង។ ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចភូមិ ព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ករណីដឹកទំនិញគេចពន្ធ កម្លាំងគយចល័តតំបន់៦រួមសហការកម្លាំងកងរាជអាវុធហត្ថដោយមានការសម្របសម្រួលពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ក្នុងការស្ទាក់បង្ក្រាបរថយន្តសង្ស័យមួយគ្រឿងបើកបរដោយឈ្មោះ សាន វ៉ាន់ថៃ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។
ប្រភពបន្តថាពេលកំលាំងប្រទះឃើញរថយន្តសង្ស័យខាងលើ គយចល័តតំបន់៦ បានស្ទាក់ឱ្យឈប់តែរថយន្តសង្ស័យមិនឈប់ បែរជាបើករថយន្តបំបុកនិងកៀររថយន្តមន្ត្រីគយ រហូតធ្លាក់ស្នាមភ្លោះ ហើយបន្តបើករថយន្តគេចបន្តទៀត។
ខណៈនោះកម្លាំងកងរាជអាវុធហត្ថក៏បានអន្តរាគមន៍បើករថយន្តប្រដេញនិងដាក់បារាសឃាត់ តែរថយន្តសង្ស័យបន្តបើកបំបុកទម្លាយបារាសបន្ថែមទៀតរហូតដល់ចំណុចភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ទើបឃាត់បាន។
ក្រោយពីកម្លាំងសមត្ថកិច្ចឃាត់រថយន្តសង្ស័យបានធ្វើការត្រួតពិនិត្យនិងរឹបអូសវត្ថុតាងបានរថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខក្រចេះ ៣A១០៥៩ និងទំនិញក្រោមការសង្ស័យអត់ពន្ធ នាំចូលចំនួន៨មុខមាន ៖
ទី១. ស្បែកជើងជ័រប្រភេទចម្រុះ ៣៧៦គីឡូក្រាម, ទី២. សំបកបេ ចំនួន៥៥ដុំ ទី៣. តង់ ៨៤ គីឡូក្រាម ទី៤.កៅស៊ូផ្លាស្ទិក ៤២០គីឡូក្រាម ទី៥. មីកញ្ចប់ ៥០០កេស ទី៦.ថ្នាំបាញ់ស្មៅ ៥កេសទី៧.ធុងបាញ់ថ្នាំ ២០ធុង និងទី៨. វ៉ាលី ចំនួន៥។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននិងសាកសួរនៅមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស អាវុធហត្ថខេត្ត និងចាត់ការតាមនីតិវិធី ចំណែកវត្ថុតាង ប្រគល់ឱ្យជំនាញគយតំបន់៦ យកទៅរក្សាទុកនៅសាខាគយចល័តតំបន់៦ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធី៕