រយៈពេលមួយខែបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនសាកល្បងមានភ្ញៀងជាង៦០ម៉ឺននាក់បានទៅលេងខេត្តព្រះសីហនុ
តាមរាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុបានបង្ហាញឱ្យឃើញថានៅថ្ងៃសៅរ៍ទី២៩និងថ្ងៃអាទិត្យទី៣០ខែតុលាឆ្នាំ២០២២មានភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកលេងកម្សាន្តនៅខេត្តព្រះសីហនុចំនួនប្រមាណជា១៥០.០០០នាក់ ដែលជាសប្តាហ៍ចុងក្រោយនៃការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ សាកល្បងដោយមិនយកប្រាក់រយៈពេលមួយខែចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ខែតុលា ដែលកាលពីក្នុងសប្តាហ៍ទី១ ទី២,ទី៣និងសប្តាហ៍ទី៤មានត្រឹមពី១១១.០០០នាក់ទៅ១២០.០០០នាក់។
កំណើនភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុរយៈពេលមួយខែមកនេះជាការបង្ហាញឱ្យភ្ញៀវទេសចរជាតិនិងអន្តរាជាតិបានឃើញជាក់ស្តែងនូវសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាលក្រោមម្លប់សន្តិភាពធ្វើឱ្យមានការអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អគារតូចធំខ្ពស់ទាប អនាម័យ បរិស្ថានតាមឆ្នេរនិងតាមដងផ្លូវបានយ៉ាងល្អប្រសើរ។
ភ្ញៀវដែលបានធ្វើដំណើរទៅខេត្តព្រះសីហនុក្នុងរយៈពេលមួយខែតុលានេះត្រូវបានគេប៉ាប្រមាណថាមានចំនួនជាង៦០ម៉ឺននាក់។ភ្ញៀវភាគច្រើនវេចបាយតាមខ្លួនដោយមិនបានស្នាក់ពេលយប់នៅក្រុងព្រះសីហនុទេដោយសារគេចង់សាកល្បង ធ្វើដំណើរតាមផ្លូវល្បឿនលឿនទាំងពេលថ្ងៃនិងពេលយប់ ដែលជាទូទៅគេបានទទួលស្គាល់ថា មានភាពងាយស្រួលធ្វើដំណើរទៅមកបានគ្រប់ពេលប្រកបដោយសុវត្ថិភាពខ្ពស់។ អ្នកដែលបានប្រើប្រាស់ផ្លូវនេះម្តងហើយនៅតែចង់សាកល្បងម្តងទៀត ដោយនៅក្នុងសប្តាហ៍ ចុងក្រោយនៃខែតុលាថ្ងៃផ្សេងពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យក៏មានភ្លៀវមកលេងខេត្តព្រះសីហនុដែរ។ភាគច្រើនជាភ្ញៀវចេញទៅពីរាជធានីភ្នំពេញ៕