ឯកឧត្តម ខៀវ កាញារីទ្ធ៖ ក្នុងវិស័យសារព័ត៌មានកម្ពុជា មាន២ចំណុចដែលប្រទេសដទៃក្នុងសកលលោកមិនមាន
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងវិស័យសារព័ត៌មាន ប្រទេសកម្ពុជាមានពីរចំណុចដែលប្រទេសដទៃក្នុងសកលលោកមិនមាននោះទេ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា៖ «នៅក្នុងបរិបទកូវីដប្រទេសកម្ពុជា គឺជាប្រទេសតែមួយគត់ ដែលបានផ្ដល់អាទិភាពចាក់វ៉ាក់សាំងឱ្យអ្នកសារព័ត៌មាន ស្មើនឹងអ្នកបម្រើការងារជួរមុខ»។ រីឯចំណុចទីពីរវិញ គឺជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន ដែលប្រទេសផ្សេងៗមិនមានការជួបជុំបែបនេះនោះឡើយ។ ឯកឧត្ដម បានអះអាងថា ជំនួបនេះពិតជាសំខាន់ ហើយក៏ជាឱកាសមួយដែលអង្គភាពសារព័ត៌មាន មានឱកាសក្នុងការដាក់សំណើទៅរាជរដ្ឋាភិបាលផងដែរ។
ឯកឧត្តម បានបន្ថែមថា៖ «ការសម្រេចថ្ងៃទី១៤ មករា ទាក់ទិននឹងវិស័យសារព័ត៌មាន គឺជាការសម្រេចមួយស្មើនឹងប្រជុំគណៈរដ្ឋមន្រ្តី បានន័យថាស្មើនឹងការសម្រេចរបស់រាជរដ្ឋាភិបាល»។ យ៉ាងណាមិញ នៅប្រទេសកម្ពុជា មានសមាគមសារព័ត៌មានច្រើនជាងគេនៅលើពិភពលោក ដែលមានចំនួនរហូតដល់ទៅ៥៣សមាគមឯណោះ ខណៈប្រទេសគេមានតែ២ទៅ៣ប៉ុណ្ណោះ។
ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាល តែងចាត់ទុកអ្នកសារព័ត៌មានជាដៃគូ ដែលមិនអាចខ្វះបានក្នុងការឆ្លុះបញ្ចាំងពីតថភាពសង្គមគ្រប់ជ្រុង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា តែងតែបានប្រកាន់ខ្ជាប់នូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការគោរពសិទ្ធិសេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពក្នុងការបញ្ចេញមតិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការរក្សានូវបរិយាកាសល្អ ក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា តាមរយៈការធានាបាននូវការគោរពសិទ្ធិសេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងបោះពុម្ពផ្សាយ ដោយស្មើភាព គ្មានការរើសអើង គ្មានការគំរាមកំហែង និងមិនប្រកាន់និន្នាការនយោបាយឡើយ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានអះអាងថា៖ « រាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកអ្នកសារព័ត៌មានជាដៃគូដែលមិនអាចខ្វះបាន ក្នុងការឆ្លុះបញ្ចាំងពីតថភាពសង្គម គ្រប់ជ្រុងជ្រោយ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង អំពើពុករលួយ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងគោលដៅ ពង្រឹងអភិបាលកិច្ចល្អ ដើម្បីលើកកម្ពស់ឱ្យកាន់តែប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សុខសន្តិភាព និងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព»។ ឯកឧត្តម ខៀវ កាញារីទ្ធ បានអំពាវនាវឱ្យស្ថាប័នសារព័ត៌មានទាំងអស់ គោរពបទដ្ឋានគតិយុត្ត ប្រកាន់ខ្ជាប់នូវសីលធម៌ និងវិជ្ជាជីវៈ ដោយកុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត។