ក្រសួងប្រៃសនីយ៍ប្រាប់ឱ្យប្រុងប្រយ័ត្នចំពោះឧបាយកលបោកបញ្ឆោតលួចគណនីតេឡេក្រាម ក្រោមទម្រង់រូបភាពមានចលនា “Gift 74/100 Free Premium”
ក្រសួងប្រៃសនីយ៍ និងទូរគមនាគមបានឱ្យដឹងថា នាពេលថ្មីៗនេះ មានការប្រើល្បិចលួចយកគណនីតេឡេក្រាម តាមរយៈ ការបោកបញ្ឆោតដោយចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោកប្រាស់បានបង្កើតតំណភ្ជាប់ក្លែងក្លាយដោយដាក់រូបភាពមានចលនា(Gif) និងតំណភ្ជាប់ មើលទៅហាក់ដូចជាសាររបស់ក្រុមហ៊ុនតេឡេក្រាម ក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់ដើម្បីលួចយកគណនី។
បើតាមក្រសួង ការបោកបញ្ឆោតនេះធ្វើឡើងតាមរយៈការជូនដំណឹងទៅម្ចាស់គណនីតេឡេក្រាម ក្រោមទម្រង់រូបភាពមានចលនា(Gif) ដែលមានពាក្យថា “Gift 74/100 Free Premium” ដើម្បីបំពេញព័ត៌មានទទួលបានគណនីប្រើប្រាស់គ្មានដែនកំណត់ នៅពេលម្ចាស់គណនីតេឡេក្រាមចុចលើរូបភាពមានចលនា ឬតំណភ្ជាប់ នឹងមានការតម្រូវឱ្យបញ្ចូលព័ត៌មានសំខាន់ៗដូចជា ឈ្មោះ ពាក្យសម្ងាត់គណនី ជាដើម។ បន្ទាប់មកចោរព័ត៌មានវិទ្យា (Hackers) ធ្វើការលួចយកគណនីតេឡេក្រាម។
យ៉ាងណាក៏ដោយជាវិធានការបង្ការ ក្រសួងប្រៃសនីយ៍បានធ្វើការណែនាំដល់អ្នកប្រើប្រាស់បណ្តាញសង្គម Telegrame សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបន្លំ ក្រោមទម្រង់រូបភាពមានចលនា(Gif) ដែលមានពាក្យថា “Gift 74/100 Free Premium” ដោយត្រូវធ្វើការត្រួតពិនិត្យរាល់រូបភាពមានចលនា(Gif) ឬតំណភ្ជាប់នានាឱ្យបានច្បាស់លាស់និងមិនត្រូវចុចបើកមើល ឬបញ្ចូលព័ត៌មានសំខាន់ៗតាមការទាមទារ។
បើសិនជាលោកអ្នកបានចុច សូមកុំបំពេញព័ត៌មានអ្វីទាំងអស់ សូមប្តូរលេខសម្ងាត់ និង ចាកចេញ (Sign Out) គ្រប់ឧបករណ៍ទាំងអស់ភ្លាម ជៀសវាងការបាត់បង់គណនី៕