ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ធំ សម្រេចលើកពេល កម្មវិធីអុំទូកដោយសារកម្ពស់ទឹកស្ទឹងសែន ហក់ឡើង

កម្មវិធីអុំទូកនៅខេត្តកំពង់ធំ ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី៩-១០ តុលា ត្រូវ​បានអាជ្ញាធរ​សម្រេច​លើក​ពេល​វិញ ដោយសារបច្ចុប្បន្ន​នេះ កម្ពស់ទឹកស្ទឹងសែន កំពុង​ហក់ឡើងគួរ​ឲ្យ​បារម្ភ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ដោយសារតែកត្តាស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកស្ទឹងសែនកំពុងហក់ឡើងជាបន្តបន្ទាប់ ដែលបណ្ដាលឱ្យទូកមិនអាចអុំឆ្លងកាត់ក្រោមស្ពានបាន ដូច្នេះ ពិធីអុំទូកដែលគ្រោងរៀបចំឡើងនៅថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ នឹងត្រូវលើកទៅពេលក្រោយទៅតាមស្ថានភាពជាក់ស្តែង។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបន្តថា ពិធីអុំទូកនេះ នឹងរៀបចំនៅពេលដែលកម្ពស់ទឹកស្ទឹងសែន មានលក្ខណៈសមស្របអាចឱ្យរៀបចំពិធីបាន ចំណែកឯកាលបរិច្ឆេទជាក់លាក់ រដ្ឋបាលខេត្តនឹងជូនដំណឹងជាថ្មី។

យ៉ាងណាក៏ដោយ បើតាម​លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ​បញ្ជាក់ថា ពិធីបុណ្យ​អុំទូកនេះ អាជ្ញាធរ​ខេត្ត​នឹង​រៀបចំ​ឡើង​វិញ​នៅពេល​ដែល​ស្ថានភាព​ល្អប្រសើរ ពោល​គឺនៅ​ពេល​ដែល​ទឹកស្រកវិញ។ «ផុតខែក៏មិនអីដែរ! ឱ្យតែយើងមានលទ្ធភាព យើងអុំបាន ព្រោះយើងចង់ឱ្យប្រជាពលរដ្ឋយើងបានសប្បាយ ឱ្យបានភាពអ៊ូអរ..»។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកថ្នាក់ជាតិ ឆ្នាំ២០២២នេះ ប៉ុន្តែអនុញ្ញាតឱ្យប្រារព្ធពិធីបុណ្យអុំទូក នៅតាមបណ្តារាជធានីខេត្ត​រៀងៗខ្លួនទៅតាមលទ្ធភាពជាក់ស្តែង។ សម្តេចតេជោ បានបញ្ជាក់ថា ការណ៍ដែលផ្អាកប្រារព្ធពិធីបុណ្យអុំទូក​​៣ឆ្នាំជាប់គ្នានេះ ​គឺដោយសារបារម្ភខ្លាចរាតត្បាតឆ្លងជំងឺកូវីដ-១៩ ជាសហគមន៍កាន់តែខ្លាំង ខណៈបច្ចុប្បន្នជំងឺកូវីដ-១៩​ កំពុងតែរាលដាល។ រីឯទី២. គឺដោយសារតែថ្ងៃបុណ្យអុំទូក​ត្រូវចំថ្ងៃដែលកម្ពុជា មានភារកិច្ចដ៏ពិសេស ពោលគឺទទួលរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *